លោក Putin ថា រុស្ស៊ីគ្មានថ្ងៃអោនក្បាលចុះចាញ់សម្ពាធប្រទេសណាមួយឡើយ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin និយាយថា រុស្ស៊ីគ្មានថ្ងៃអោនក្បាល ចុះចាញ់សម្ពាធពីអាមេរិក ឬមហាអំណាចបរទេសណាមួយឡើយ ហើយថែមទាំងលោកព្រមានថា នឹងធ្វើការសងសឹកយ៉ាងចាស់ដៃ ក្នុងករណីមានការវាយប្រហារណាមួយចូលជ្រៅក្នុងទឹកដីរុស្ស៉ី។

សារព័ត៌មាន The straits times ចេញផ្សាយនៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Putin បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា ទណ្ឌកម្មរបស់អាមេរិក និងលោកខាងលិចជា “ទង្វើអរិភាព” ហើយថា វានឹងមិនអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរុស្ស៉ីឡើយ ពីព្រោះរុស្ស៊ីជាតួអង្គសំខាន់សម្រាប់ទីផ្សារប្រេងសកល។

បុរសខ្លាំងរុស្ស៊ីរូបនេះក៏បានព្រមានផងដែរថា ការដាំក្បាលចុះការផ្គត់ផ្គង់ប្រេង នឹងជំរុញឱ្យតម្លៃហក់ឡើងខ្លាំង ប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទូទាំងពិភពលោក ពិសេសសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់។ លោកថា ជាការពិតណាស់ នេះជាការប៉ុនប៉ងដាក់សម្ពាធរុស្ស៊ី តែរុស្ស៉ីនឹងមិនចុះញ៉មនឹងសម្ពាធឡើយ។

ពាក់ព័ន្ធនឹងករណីមានការផ្គត់ផ្គង់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែនវិញ លោកប្រធានាធិបតី Putin ព្រមានធ្ងន់ៗថា នេះជាការប៉ុនប៉ងបង្កើនជម្លោះ។ ប៉ុន្តែបើសិនអាវុធទាំងនោះត្រូវបានប្រើដើម្បីវាយប្រហារលើទឹកដីរុស្ស៉ី នោះការសងសឹកនឹងត្រូវធ្វើឡើងយ៉ាងចាស់ដៃ ដូច្នេះទុកឱ្យពួកគេជាអ្នកគិតដោយខ្លួនឯងទៅចុះ។

ការលើកឡើងរបស់លោកប្រធានាធិបតី Putin កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump កាលពីថ្ងៃពុធ បានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនប្រេងយក្សចំនួន២របស់រុស្ស៉ី ដោយធ្វើឱ្យតម្លៃប្រេងលើទីផ្សារសកលស្ទុះឡើងជិត ៥% កាលពីថ្ងៃព្រហស្បតិ៍។

ផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មាន CNA, ទណ្ឌកម្មរបស់អាមេរិកក៏បានជំរុញឱ្យក្រុមហ៊ុនប្រេងរដ្ឋធំៗរបស់ចិនផ្អាកការទិញប្រេងពីរុស្ស៊ីជាបណ្តោះអាសន្ន ខណៈក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា ដែលជាអ្នកទិញប្រេងពីសមុទ្ររុស្ស៊ីធំបំផុត ក៏គ្រោងនឹងកាត់បន្ថយការនាំចូលប្រេងឆៅផងដែរ។ ការដាក់ទណ្ឌកម្មនេះ កំណត់គោលដៅលើក្រុមហ៊ុនប្រេងយក្សរុស្ស៊ី Rosneft និង Lukoil ដែលរ៉ាប់រងច្រើនជាង ៥% នៃទិន្នផលប្រេងពិភពលោក។

គួរកត់សម្គាល់ វិធានការរបស់លោកប្រធានាធិបតី Trump នេះ ធ្វើឡើងមានគោលបំណងបង្កផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់រុស្ស៊ី ដើម្បីបង្ខំឱ្យវិមានក្រឹមឡាំងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព បិទបញ្ចប់ការលុកលុយរយៈពេល ៣ឆ្នាំកន្លះប្រឆាំងនឹងអ៊ុយក្រែន៕

ប្រភព ៖ The straits times និង CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner