ប៉ាគីស្ថានចេញមុខថ្កោលទោសផែនការអ៊ីស្រាអែលលេបយក West bank
អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថានបានចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងរបស់អ៊ីស្រាអែល ក្នុងការលេបយក ឬពង្រីកអធិបតេយ្យភាពនៅតំបន់ West Bank ដោយហៅវាថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្រសួងការបរទេសប៉ាគីស្ថានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ផែនការដែលរួមបញ្ចូលទាំងការតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល នៅក្នុងសេចក្តីព្រាងច្បាប់មួយ ដែលណែនាំទៅដល់សភាអ៊ីស្រាអែល នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា វិធានការញុះញង់ និងខុសច្បាប់បែបនេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយថា ប៉ាគីស្ថាននៅតែប្តេជ្ញាធ្វើការជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីគាំទ្រសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន រួមទាំងសិទ្ធិរបស់ពួកគេក្នុងការសម្រេចចិត្តដោយខ្លួនឯង។
ជាមួយគ្នានេះ ក្រសួងការបរទេសប៉ាគីស្ថានក៏ជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ និងម៉ឺងម៉ាត់ សំដៅបញ្ឈប់ទង្វើខុសច្បាប់ និងធ្វើឱ្យអ៊ីស្រាអែលទទួលខុសត្រូវ ចំពោះការរំលោភច្បាប់អន្តរជាតិជាបន្តបន្ទាប់៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា


