គម្រោង រេដបូកកែវសីមា បានជួយកសិករបង្កើតមុខរបរចិញ្ចឹមមាន់ និង បានជួយដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍
(មណ្ឌលគិរី)៖ គម្រោងរេដបូក (REDD+)បានជួយបង្កើតការងារដល់កសិករជាច្រើនគ្រួសារក្នុងការបង្កើតមុខរបរសម្រាប់ការរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ក្នុងនេះដូចជាការចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមជ្រូក ចិញ្ចឹមគោ និងការដាំបន្លែជាច្រើនមុខ ដែលមិនត្រឹមបង្កើតការងារដល់ពលរដ្ឋតាមភូមិឃុំទេ តែនៅជួយឱ្យជីវភាពល្អប្រសើរមិនចាំបាច់អាស្រ័យលើការចូលព្រៃកាប់បំផ្លាញព្រៃឈើ និងក៏ចូលព្រៃចាប់សត្វព្រៃដូចមុនទៀតឡើយ។
គួរបញ្ជាក់ថា រេដបូកមានគោលបំណងធំៗពីរ គឺការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
កសិករមួយរូបដែលស្ថិតនៅក្នុងគម្រោងរេដបូក កែវសីមា គឺអ្នកស្រី ហាង ឌីយ៉ា សព្វថ្ងៃនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុក អូររាំង ខេត្តមណ្ឌលគិរី ដោយបានចិញ្ចឹមមាន់រយៈពេល ១ឆ្នាំមកនេះបានបញ្ជាក់ប្រាប់ថា ចាប់តាំងពីការចិញ្ចឹមមាន់មកធ្វើឱ្យគ្រួសារអ្នកស្រីអាចរកចំណូលមួយបន្ថែមទៀតដែលអាចបំពេញបន្ថែមថវិការក្នុងគ្រួសារ ហើយស្វាមីអ្នកស្រីអាចប្រកបរបរនៅក្បែរៗផ្ទះមិនចាំបាច់ ចាកចេញពីស្រុកកំណើតទៅប្រកបរបរឆ្ងាយៗពីផ្ទះសម្បែងទៀតឡើយ។
ស្រ្តីវ័យ ៣២ឆ្នាំរូបនេះបានឱ្យដឹងដែរថា ៖ ក្នុងការចិញ្ចឹមមាន់ជាង ១០០ក្បាលក្នុងមួយខែអ្នកស្រីអាចរកចំណូលបានចំនួនជាង ៥០ម៉ឺនរៀល ដោយក្នុងនេះអាចលក់មាន់រស់ក្នុងមួយគីឡូក្រាម ២ម៉ឺនរៀល និងពងមាន់វិញលក់ក្នុងមួយគ្រាប់ ៦០០រៀល ។ ការចិញ្ចឹមមាន់សាច់ត្រឹមរយៈពេល៣ខែអាចចាប់លក់បានហើយដោយក្នុងមួយក្បាលទម្ងន់ប្រមាណជាង ១គឺឡូក្រាម ។
ស្រ្តីដែលបានចាប់យករបរចិញ្ចឹមមាន់ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសាររូបនេះបានឱ្យដឹងដែរថា”កាលពីមុនមក អត់មានចំណូលសោះ ហើយខ្ញុំពឹងពាក់លើស្វាមីទាំងស្រុង ។ បើថ្ងៃណាគាត់រកបានគឺមានលុយ តែបើអត់វិញគឺអត់លុយហើយ។ ស្វាមីដើរស៊ីឈ្នួលគេ ប្រាក់ចំណូលមិនទៀងទាត់ទេ ។ ការចិញ្ចឹមមាន់នៅផ្ទះនេះគឺបានជួយដល់ស្វាមី មួយផ្នែកទៀត”។
លោក ខៀវ សំណាង ទីប្រឹក្សាផ្នែកលើកម្ពស់ជីវភាពគ្រួសារសហគមន៍មូលដ្ឋានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានឱ្យដឹងថាគម្រោងរេដបូកមានគោលបំណងសំខាន់គឺជួយដល់បងប្អូនកសិករដែលមានចំនួន ២១ភូមិឱ្យមានមុខរបរបង្កើតចំណូល និងមានការងារធ្វើ។ក្នុងការបង្កើតមុខរបរចិញ្ចឹមមាន់នេះគម្រោងមិនត្រឹមជួយថ្នាំ ចំណី សំណាញ់ និងបង្កើតទ្រុងឱ្យទេនៅជួយក្នុងបច្ចេកទេស ពិធីព្យាបាលមាន់ឈឺដើម្បីឱ្យការចិញ្ចឹមទទួលជោគជ័យទៀតផង។
លោក ខៀវ សំណាងបានឱ្យដឹងដែរថាក្នុងគម្រោងរេដបូកនេះបានចាប់ផ្តើមឱ្យប្រជាកសិករចិញ្ចឹមមាន់ ដាំបន្លែ ពីឆ្នាំ២០២២មក ។ មកដល់ពេលនេះមាន២១ភូមិដែលគម្រោងរេដបូកបានជួយដល់កសិករ។សម្រាប់នៅខេត្តមណ្ឌលគិរីនេះមានស្រុកចំនួន៤ដែលគម្រោងរេដបូកបានជួយ។ សម្រាប់ការចិញ្ចឹមសត្វមានចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមគោ ចិញ្ចឹមជ្រូក ។ ក្រៅពីនេះក៏មានការដាំបន្លែ ដូចជាដាំត្រកួន ដាំត្រសក់ សណ្តែកកួរ ឆៃថាវ ការ៉ុត ជាដើម។
ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់លើផ្ទៃដី ៣១៧ ៤៥៦ ហិកតា ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដោយមួយផ្នែកធំមួយស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងផ្នែកតូចមួយស្ថិតនៅក្នុងខេត្តក្រចេះ។
គួរបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងសម្របសម្រួលការកៀរគរមូលនិធិសម្រាប់ការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាពីអ្នកផ្តល់ជំនួយដូចជា USAID, AFD, USFWS, CAMPAS, UNDP, MRLG និងគម្រោងរេដបូកកែវសីមា។
គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋាន ការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវនិងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម៕
ដោយ ៖ ម៉ាដប៉ូ និង លោក ង៉ាន់ ទិត្យ









