អាល្លឺម៉ង់ចាយ ២.៣ ពាន់លានដុល្លារទិញមីស៊ីលប្រឆាំងរថក្រោះពីអ៊ីស្រាអែល

ប៊ែរឡាំង ៖ អាល្លឺម៉ង់មានគម្រោងបញ្ជាទិញមីស៊ីលប្រឆាំងរថក្រោះ Spike របស់អ៊ីស្រាអែល នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ២.៣ពាន់លានដុល្លារ តាមរយៈទីភ្នាក់ងារគាំទ្រ និងផ្គត់ផ្គង់សព្វាវុធរបស់អង្គការណាតូ។

បើតាមសារព័ត៌មាន The Defense Post, កិច្ចព្រមព្រៀងទិញ-លក់មីស៊ីលប្រឆាំងរថក្រោះនេះ ត្រូវបានចុះហត្ថលេខារវាង EuroSpike ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងអឺរ៉ុប-អ៊ីស្រាអែល ជាមួយក្រុមហ៊ុនអាល្លឺម៉ង់ Rheinmetall Electronics និង Diehl Defence។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឱ្យដឹងថា គួបផ្សំនឹងការបញ្ជាទិញមីស៊ីល កិច្ចព្រមព្រៀងនេះដែរ ក៏នឹងគ្របដណ្តប់លើការថែទាំ ការបណ្តុះបណ្តាល ការគាំទ្របច្ចេកទេស ការរួមបញ្ចូលប្រព័ន្ធ និងឯកសារពាក់ព័ន្ធផងដែរ។

ស៊េរីមីស៊ីល Spike ដែលត្រូវបានប្រើប្រាស់ជាង ៤០ប្រទេស មានភាពបត់បែន ពិសេសអាចបាញ់ចេញពីស្មា ឡានទាហាន យន្តហោះ និងនាវា។ មីស៊ីលប្រភេទនេះមានចម្ងាយបាញ់ប្រកបដោយប្រសិទ្ធភាពចន្លោះពី ៥០ម៉ែត្រទៅ៥០គីឡូម៉ែត្រ។

យោងតាមឯកសាររបស់អង្គការណាតូ បានឱ្យដឹងថា កិច្ចព្រមព្រៀងទិញលក់មីស៊ីល Spike គឺជាកិច្ចសន្យាដ៏ធំបំផុតមួយ ដែលឆ្លុះបញ្ចាំងពីការពឹងផ្អែក របស់អាល្លឺម៉ង់លើសព្វាវុធការពារជាតិអ៊ីស្រាអែល ទោះបីជាទីក្រុងប៊ែរឡាំងប្រឈមមុខនឹងសម្ពាធអន្តរជាតិ ជុំវិញបញ្ហាទំនាក់ទំនងយោធាជាមួយទីក្រុងតែលអាវ្វីវ និងភាពតានតឹងផ្នែកនយោបាយពាក់ព័ន្ធនឹងសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាក៏ដោយ។

ប្រភពជាច្រើនបានទម្លាយឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់បានចំណាយប្រាក់ដល់ទៅ ៣៦៥.៤លានដុល្លារ លើការបញ្ជាទិញអាវុធពីអ៊ីស្រាអែលគិតត្រឹមក្នុងឆ្នាំ២០២៥តែមួយប៉ុណ្ណោះ ពោលគឺច្រើនជាងក្នុងរយៈពេល៤ឆ្នាំមុនរួមបញ្ចូលគ្នា។

តួលេខទាំងនេះមិនរាប់បញ្ចូលកិច្ចព្រមព្រៀងទិញមីស៊ីល Spike ដែលត្រូវបានចុះហត្ថលេខាតាមរយៈក្រុមហ៊ុនអាល្លឺម៉ង់ ឬការបញ្ជាទិញសព្វាវុធសំខាន់ៗពីមុន មានដូចជាប្រព័ន្ធមីស៊ីល Arrow 3 ក្នុងតម្លៃ ៣.៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣៕

ប្រភព The Defense Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner