អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់រង្វាន់ជ័យលាភី សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A.B.C មកពីក្រុង ស្រុក ចំនួន ៦ ក្នុងខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ក្មួយៗដែលជាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបន្តខិតខំជម្នះឧបស័គ្គទាំងឡាយ ក្នុងការសិក្សានៅសកលវិទ្យាល័យ ឬ នៅតាមវិទ្យាស្ថាននានា រហូតបញ្ចប់ការសិក្សារបស់ខ្លួន, ទាំងនៅថ្នាក់បរិញ្ញាបត្រ និង នៅកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ, ដើម្បីមានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការស្វែងរកការងារល្អ ចិញ្ចឹមជីវិតផ្ទាល់ខ្លួន និង មានលទ្ធភាពជួយដល់ក្រុមគ្រួសារ និង សហគមន៍របស់ខ្លួន ទៅអនាគត ។

ការសិក្សានៅថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលក្មួយៗទើបបានបញ្ចប់ដោយជោគជ័យនេះ គឺជាការសិក្សាចំណេះដឹងទូទៅ, មិនមែនជាការសិក្សាដែលផ្តោត លើជំនាញវិជ្ជាជីវៈនោះទេ; ដូច្នេះបើក្មួយៗមិនបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬ សិក្សាជំនាញវិជ្ជាជីវៈអ្វីមួយ ឲ្យបានច្បាស់លាស់នោះទេ, ក្មួយៗនឹងជួបការលំបាក ក្នុងការស្វែងរក ការងារ ឬ ចាប់ផ្តើមអាជីពណាមួយ នាពេលខាងមុខ ។

នេះជាប្រសាសន៍ណែនាំរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល,ប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានខេត្តកណ្ដាល និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្ដាលទទួលបន្ទុកក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្តាល, ស្រុកល្វាឯម, ស្រុកកៀនស្វាយ, ស្រុកមុខកំពូល និង ស្រុក ពញាឮ ក្នុងពិធីប្រគល់រង្វាន់ជ័យលាភី សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, និទ្ទេស A.B.C នៅស្រុកល្វាឯមខេត្តកណ្ដាលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បាន លើកទឹកចិត្តក្មួយៗទាំងអស់ បន្តការសិក្សារបស់ខ្លួន តាមរយៈអាហារូបករណ៍ ដែលបានផ្តល់ជូន ឬ តាមរយៈមធ្យោបាយដទៃទៀត ។ ដោយមើលឃើញ និង ទទួលស្គាល់នូវគុណតម្លៃ និង សក្តានុពលរបស់យុវជន, រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានយុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល បានផ្តល់ឱកាសជាច្រើនដល់យុវជន ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីបន្តចូលរួមដឹកនាំក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ មន្ទីរ និង អង្គភាពនានា សំដៅជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែលឿន និង បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែរហ័ស ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពខ្ពស់ ។

ទន្ទឹមនេះ, សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានដាក់ចេញ នូវ យុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាល ទី ១ ដោយបានកំណត់យក អាទិភាពគន្លឹះ ៥ គឺ : «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា», ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅ នឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិទាំងមូល ។ ក្នុងបរិបទនេះ, ខ្ញុំក៏សូមជំរុញ និង លើកទឹកចិត្តក្មួយៗ ជាយុវជន ខិតខំសិក្សាស្វែងយល់ និង ប្រើប្រាស់ ចំណេះដឹង និង ជំនាញឌីជីថល ឲ្យបានទូលំទូលាយ ដើម្បីទាញយកអត្ថប្រយោជន៍ជាច្រើន ពីវិស័យឌីជីថល ដែលកំពុងរីកដុះដាលយ៉ាងរហ័ស ។ ជាមួយគ្នានេះ, ខ្ញុំក៏សូមឲ្យក្មួយៗ ប្រើប្រាស់អ៊ីនធើណេត និង បណ្តាញសង្គម ដោយប្រយ័ត្នប្រយែងផងដែរ ដោយខ្លឹមសារ មួយចំនួនដែលត្រូវបានចែកចាយ មានលក្ខណៈអវិជ្ជមាន និង មិនសូវមានប្រយោជន៍, ពោលគឺ សូមប្រើប្រាស់វិស័យឌីជីថល ជាប្រយោជន៍នៃការសិក្សារៀនសូត្រ ឬ ការស្រាវជ្រាវ ឲ្យបាន ជាអតិបរមា, ជាជាងចំណាយពេលច្រើន សម្រាប់គ្រាន់តែជាការកំសាន្តសប្បាយ ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់, គណៈអភិបាលខេត្ត, គណៈអភិបាលក្រុង/ស្រុក និង គណៈបញ្ជាការ ឯកភាពគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការងារសំខាន់មួយចំនួន ដូចខាងក្រោម ៖

១-ក្រុមការងាររាជរដ្ឋាភិបាល និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋាន ឲ្យបានជាប់ជាប្រចាំ និង ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព, គណនេយ្យភាព និង យុត្តិធម៌, ជាពិសេស សំណូមពរ និង បញ្ហាប្រឈម ដែលត្រូវបានលើកឡើង ក្នុងវេទិកាសាធារណៈ នាពេលកន្លង មក ។ ចំពោះសំណូមពរ និង បញ្ហាប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយ របស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយ និង ឆ្លើយតបឲ្យ បានឆាប់ ទៅតាមលទ្ធភាពជាក់ស្តែង ។ ក្នុងករណីរដ្ឋបាលខេត្ត មិនមានលទ្ធភាពដោះស្រាយ, សូមរាយការណ៍បន្តជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមសមត្ថកិច្ចរៀងខ្លួន ដើម្បីចាត់វិធានការ បន្ត ។

២-គណៈអភិបាលខេត្ត និង ក្រុង/ស្រុក ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចាត់ វិធានការបង្ការ និង បង្ក្រាបលែ្បងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការជួញដូរគ្រឿងញៀន, ការជួញដូរមនុស្ស, ការបង្ខិតបង្ខំពលកម្ម, អំពើលួច, ឆក់, ប្លន់ និង សកម្មភាព ក្មេង ទំនើង ឲ្យមានប្រសិទ្ធភាព និង ឲ្យបានតឹងរឹង ជាប់ជាប្រចាំ, ព្រម ទាំង គិត គូរ ត្រៀម វិធានការ និង មធ្យោបាយ នានា ក្នុង ការ បង្ការ និង ពន្លត់ អគ្គិភ័យ, ជាពិសេស នៅ តាមរោងចក្រ, សហគ្រាស , ផ្សារ ក៏ដូចជា ផ្ទះ របស់ ប្រជាពលរដ្ឋ ។ ទន្ទឹមនេះ, ប្រជាពលរដ្ឋ, ជាពិសេស ក្មួយៗជាយុវជន, ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដោយត្រូវចងចាំជានិច្ចថា គ្រឿងញៀនបំផ្លាញខ្លួនយើង, គ្រួសារយើង និង ប្រទេសរបស់យើង ។

៣-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈ នានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ដើម្បី ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ដែល កាន់តែកើនឡើង ក្នុងពេលដែលប្រទេស យើង កំពុងមានការរីកចម្រើនយ៉ាងរហ័ស ។ ចំពោះការផ្តល់សេវារដ្ឋបាល តាមការិយាល័យ ច្រកចេញចូលតែមួយ, រដ្ឋបាលក្រុង/ស្រុក ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង ការគ្រប់គ្រង, ការចាត់ចែង និង ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវារដ្ឋបាល កាន់តែងាយស្រួល និង កាន់តែឆាប់, ប្រកបដោយតម្លាភាព និង គណនេយ្យភាព ។

និង ៤-ក្រុមការងាររាជរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់សម្អាត បរិស្ថាន និង ដាំដើមឈើនៅតាមទីសាធារណៈ, សាលារៀន និង វត្តអារាម, ព្រមទាំងបំផុស ប្រជាពលរដ្ឋ ឲ្យចូលរួមដាំដើមឈើ នៅលើដីទំនេរក្នុងបរវេណផ្ទះ ដើម្បីចូលរួមលើកសម្រស់ សោភ័ណភាពភូមិ/ឃុំរបស់យើង, បង្កើនគម្រងបៃតង និង ចូលរួមទប់ស្កាត់ការឡើងកំដៅ ផែនដី ផងដែរ ។ ជាមួយគ្នានេះ, រដ្ឋបាលខេត្ត និង ក្រុង-ស្រុក ត្រូវខិតខំសហការសម្រប- សម្រួល និង គាំទ្រដល់ការរៀបចំរមណីយដ្ឋាន, ទីតាំងទេសចរណ៍ និង ការរៀបចំក្រុង-ស្រុក ឲ្យមានសោភ័ណភាព, មានភាពទាក់ទាញ, មានបរិស្ថានស្អាត, មានអនាម័យល្អ និង មាន សណ្តាប់ធ្នាប់ និង របៀបរៀបរយល្អ ។

សូមបញ្ជាក់ថា ក្នុងមូលដ្ឋានក្រុង/ស្រុក ទាំង ៦ រួមមាន ក្រុងអរិយក្សត្រ មានសិស្សនិទ្ទេស A ចំនួន ៨ នាក់, ស្រុកខ្សាច់កណ្តាល ចំនួន ២៣ នាក់, ស្រុកល្វាឯម ចំនួន ៣ នាក់, ស្រុកកៀនស្វាយ ចំនួន ៦ នាក់, ស្រុកមុខកំពូល ចំនួន ១៤ នាក់, និង ស្រុកពញាឮ ចំនួន ៩ នាក់, សរុបទាំង ៦ ក្រុង/ស្រុក ចំនួន ៦៣ នាក់, ដោយម្នាក់ៗទទួលបានម៉ូតូម៉ាកឌ្រីមសង់ ឆ្នាំ២០២៦ មួយគ្រឿង និង មួកសុវត្ថិភាពមួយ ,សិស្សនិទ្ទេស B ម្នាក់ៗ ទទួលបានថវិកា ចំនួន ២០ ម៉ឺនរៀល, និង សិស្សនិទ្ទេស C ម្នាក់ៗ ទទួលបានថវិកា ចំនួន ១៥ ម៉ឺនរៀល, ផ្តល់ថវិកាជូនដល់លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ ដែលបានចូលរួមម្នាក់ៗ ចំនួន ២០ ម៉ឺនរៀល ៕

ប្រភព ៖ ព័ត៌មានខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner