សហភាពសហព័ន្ធយុវជនកម្ពុជាទទួលពានរង្វាន់អាស៊ាន (ASEAN Prize)សម្រាប់ឆ្នាំ២០២៥
ភ្នំពេញ៖ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេននៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានប្រគល់ពានរង្វាន់អាស៊ាន (ASEAN Prize) សម្រាប់ឆ្នាំ២០២៥ដល់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)។ពានរង្វាន់នេះបានបញ្ជាក់ពីការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន ។
អញ្ជើញទទួលពានរង្វាន់នេះគណៈប្រតិភូ ស.ស.យ.ក. ដឹកនាំដោយ លោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ពានរង្វាន់អាស៊ានត្រូវបានផ្តល់ជូនដោយផ្ទាល់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
លើបណ្ដាញសង្គមរបស់ស.យ.យ.ក.នៅថ្ងៃនេះដែរបានបង្ហោះសារថា សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសមានមោទនភាពក្រៃលែង ដែល ស.ស.យ.ក. ទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនានា ដែលខ្លួនសម្រេចបាន ជាពិសេសចំពោះការលះបង់របស់សមាជិក សមាជិកាគ្រប់រូបនៃស្ថាប័ននេះ។
សូមជម្រាបថា គណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់ឆ្នាំ២០២៥ ។ ការផ្តល់ពានរង្វាន់នេះ ជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់ និងស្នាដៃ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ក្នុងបុព្វហេតុជាតិ មាតុភូមិ និងតួនាទីរបស់ ស.ស.យ.ក. ក្នុងការចូលរួមកសាងសន្តិភាព និងការអភិវឌ្ឍសហគមន៍អាស៊ាន៕
ដោយ៖មុនី


