លោក ត្រាំ សង្ឃឹមចិនជួយជំរុញរុស្ស៊ីឱ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សង្ឃឹមថា ចិននឹងជួយជំរុញឱ្យរុស្ស៊ីយល់ព្រមធ្វើកិច្ចព្រមព្រៀង ខណៈរូបលោកកំពុងស្វះស្វែងនាំយកសង្គ្រាមអ៊ុយក្រែនឈានដល់ទីបញ្ចប់។

ខ្ញុំចង់ឱ្យចិនជួយយើងបញ្ចុះបញ្ចូលរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ពីព្រោះចិនគឺជាសម្ព័ន្ធមិត្តធំបំផុតរបស់រុស្ស៊ី និងជាការគាំទ្រដ៏សំខាន់ដល់ទីក្រុងមូស្គូចាប់តាំងពីលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៊ី ជុំវិញការលុកលុយប្រឆាំងអ៊ុយក្រែន។

នេះជាការបញ្ជាក់របស់លោកប្រធានាធិបតី ត្រាំ នៅលើយន្តហោះ Air Force One ក្នុងដំណើរឆ្ពោះទៅកាន់តំបន់អាស៊ី ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងជួបតទល់ជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង នៅថ្ងៃទី៣០ ខែតុលានេះ។

មេដឹកនាំអាមេរិករូបនេះបានគូសបញ្ជាក់ថា ខ្ញុំចង់ឃើញចិនជួយយើងធ្វើឱ្យរុស្ស៊ីបញ្ឈប់ការប្រយុទ្ធ ព្រោះខ្ញុំមានទំនាក់ទំនងដ៏ល្អជាមួយលោកប្រធានាធិបតី ស៊ី ហើយលោក ស៊ី ក៏ចង់ឃើញសន្តិភាពដែរ។ លោក ត្រាំ ក៏បាននិយាយកាលពីដើមសប្តាហ៍នេះដែរថា លោក ស៊ី អាចមានឥទ្ធិពលខ្លាំងលើលោក ពូទីន។

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ត្រាំ កើតឡើងចំពេលដែលអ៊ុយក្រែនជួបរឿងបរាជ័យផ្ទួនៗចំនួនពីរ ក្នុងនោះទី១. លោកប្រធានាធិបតី ដូណាល់ ត្រាំ បានច្រានចោលការផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk និងទី២. មេដឹកនាំអឺរ៉ុបក៏មិនបានបញ្ចេញសាច់ប្រាក់របស់រុស្ស៊ី ដែលបានបង្កក ធ្វើជាមូលនិធិជួយពង្រឹងវិស័យការពារជាតិរបស់អ៊ុយក្រែន៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner