ជប៉ុនថា ការពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក គឺជា “អាទិភាពកំពូល”

តូក្យូ ៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi និយាយថា លោកស្រីបានប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump តាមប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា ការពង្រឹងសម្ព័ន្ធភាពរវាងជប៉ុន-អាមេរិក គឺជា “អាទិភាពកំពូល” របស់លោកស្រី។

លោកស្រីនាយករដ្ឋមន្រ្តី Takaichi បានប្រាប់អ្នកយកព័ត៌មានថា លោកស្រី និងលោក Trump បានយល់ស្របថា ពួកយើងនឹងចាប់ដៃធ្វើការរួមគ្នាឆ្ពោះទៅពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិកក្នុងកម្រិតខ្ពស់ថ្មីមួយ។

មេដឹកនាំជាស្រ្តីដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តប្រទេសជប៉ុនរូបនេះបន្ថែមថា លោកស្រីបានប្រាប់លោក Trump ទៀតថា ការលើកកម្ពស់សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ គឺជាអាទិភាពកំពូលនៃរដ្ឋបាលរបស់លោកស្រី ទាំងផ្នែកកាទូត និងសន្តិសុខ។ លោកស្រីថា ការសន្ទនានេះ គឺល្អ និងស្មោះត្រង់។

បើតាមការគ្រោងទុកនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃចន្ទស្អែកនេះ មុនពេលបន្តដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបចរចាពាណិជ្ជកម្មជាមួយមេដឹកនាំចិន លោក Xi Jin ping។

កន្លងមក លោក Donald Trump ចង់ឱ្យជប៉ុន និងសម្ព័ន្ធមិត្តដទៃទៀតបង្កើនការចំណាយលើវិស័យយោធារបស់ប្រទេសពួកគេ។ ជាការឆ្លើយតប អំឡុងសន្ទករថាលើកដំបូងនៅក្នុងសភា លោកស្រីនាយករដ្ឋមន្រ្តីជប៉ុនបានប្រកាសកាលពីថ្ងៃសុក្រថា ជប៉ុននឹងចំណាយ២ភាគរយនៃផលិតផលសរុបក្នុងស្រុកលើវិស័យការពារជាតិក្នុងឆ្នាំសារពើពន្ធនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner