មេធំណាតូថា ដាក់ទណ្ឌកម្មរុស្ស៊ីដូចដាក់សម្ពាធលោក ពូទីន បញ្ចប់សង្គ្រាម
ឡុងដ៍ ៖ ប្រមុខអង្គការណាតូបានថ្លែងអះអាងថា ទណ្ឌកម្មថ្មីដែលដាក់ដោយអាមេរិកលើរុស្ស៊ី នឹងក្លាយជាដាក់សម្ពាធកាន់តែខ្លាំងឡើងលើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលកំពុងអស់ទាំងលុយ ទាំងកងទ័ព និងអស់ទាំងគំនិត។
អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូត បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា ការគាំទ្រថែមទៀតរបស់យើងចំពោះអ៊ុយក្រែនកំពុងដំណើរការ ហើយថា លោកប្រធានាធិបតី ពូទីន មានប្រៀបឈ្នះតិចតួចប៉ុណ្ណោះក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ការលើកឡើងរបស់លោក រូត កើតឡើងស្របពេលដែលរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរៀបចំកញ្ចប់ទណ្ឌកម្មបន្ថែម ក្នុងបំណងខ្ទប់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ី បើសិនលោកប្រធានាធិបតី ពូទីន បន្តពន្យារពេលបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ។
សូមជម្រាបថា លោកប្រធានាធិបតី ត្រាំ បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងធំៗចំនួនពីររបស់រុស្ស៉ី ខណៈព្យាយាមបិទបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែនដែលអូសបន្លាយជាង៣ឆ្នាំមកនេះ។ រីឯសម្ព័ន្ធមិត្តអឺរ៉ុបក៏កំពុងត្រូវបានជំរុញឱ្យបង្កើនការដាក់សម្ពាធថែមទៀតប្រឆាំងរុស្ស៉ីផងដែរ។
ទោះបីជាយ៉ាងណា មេដឹកនាំរុស្ស៊ី លោក ពូទីន បានអះអាងថា រូបលោកនឹងគ្មានថ្ងៃអោនក្បាលចុះចាញ់សម្ពាធពីសហរដ្ឋអាមេរិក ឬក៏ប្រទេសមហាអំណាចបរទេសណាមួយឡើយ និងថា ការដាក់ទណ្ឌកម្មចុងក្រោយនេះ ក៏មិនបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី៕
ប្រភព ៖ The star ប្រែសម្រួល ៖ ឈឹម ទីណា
