សម្តេចតេជោ ហ៊ុន សែន ៖នេះជាការប្រមូលផលដើមរដូវយុទ្ធសាស្រ្តស្ងាត់តែមិនស្ងៀមរបស់សម្ដេចធិបតី
ភ្នំពេញ៖បន្ទាប់ពីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អានុទីន ឆានវីរៈគុល(Anutin Charnvirakul)នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានពណ៌នាលទ្ធផលនៃការចុះហត្ថលេខានេះថា ជាការប្រមូលផលដើមរដូវ។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលមានខ្លឹមសារថា””នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្រ្ត(ស្ងាត់តែមិនស្ងៀម)របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រី
ម៉ាឡេស៊ីដែលជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើង”។

សូមជម្រាបថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម អានុទីន ឆាAnutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម Dato’ Seri Anwar Ibrahim៕

ដោយឡែកក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា ថ្ងៃនេះត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវ័ន្ត សម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសយើងទាំងពីរថា សន្តិភាពនៅតែអាចមាន ដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា។

តាងនាមប្រជាជនកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងភាពជាអ្នកដឹកនាំដ៏ម៉ឹងម៉ាត់ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រសន្តិភាពជានិរន្តន៍រវាងកម្ពុជានិងថៃ និងចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ក្នុងការជួយធ្វើឱ្យសមិទ្ធផលនេះក្លាយជាការពិត ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ចំពោះការគាំទ្រដោយឥតងាករេ និងការសម្របសម្រួលរបស់ឯកឧត្តម ក្នុងដំណើរការ ស្វែងរកសន្តិភាពនេះរហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។ សម្តេចធិបតីក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានា ដែលបានគាំទ្របទឈប់បាញ់តាំងពីដើមរៀងមក។

កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាព ស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូ ទាំងអស់ ដើម្បីធានាថា សន្តិភាពនេះនៅស្ថិតស្ថិរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃ ប្រទេសយើងទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការបន្តគាំទ្រ និងការរួម ចំណែករបស់សហគមន៍អន្តរជាតិ និងដៃគូនានា ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការណ៍រួមនេះ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំចំពោះការដោះលែង ទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ ក្រោមហេតុផលមនុស្សធម៌ និងស្របតាមការឯកភាពគ្នាក្នុងសេចក្តី ថ្លែងការណ៍រួមនេះ។

ជាចុងក្រោយ ដោយទទួលស្គាល់ការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការលើកកម្ពស់សន្តិភាព មិនត្រឹមតែរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ថែមទាំងក្នុងចំណោមប្រជាជាតិទាំងឡាយ និងដើម្បីបង្ហាញនូវការដឹងគុណរបស់ ប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្នើបេក្ខភាពឯកឧត្តមប្រធានាធិបតី Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ៕
ដោយ៖វណ្ណលុក



