លោក ដូណាល់ ត្រាំ និងម៉ាឡេស៊ីស៊ីញ៉េកិច្ចព្រមព្រៀងរ៉ែកម្រ

គូឡាឡាំពួរ ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ រួមមានរ៉ែកម្រ ដើម្បីកំណត់អត្រាពន្ធត្រឹម ១៩ភាគរយប៉ុណ្ណោះលើទំនិញម៉ាឡេស៊ីនាំចេញទៅកាន់អាមេរិក ដែលពិធីនេះរៀបចំឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅថ្ងៃអាទិត្យនេះ ក្នុងទីក្រុងគូឡាឡាំពួរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ រួមមានការធ្វើសម្បទានជាច្រើនដែលស្នើឡើងដោយរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម រួមទាំងការផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗដល់អាមេរិក ខណៈដែលរ៉ែកម្ររបស់ផែនដីគឺជាកូនសោដ៏សំខាន់ក្នុងល្បែងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន។

តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និយាយថា កិច្ចព្រមព្រៀងនេះនឹងធានាថា ការវិនិយោគពាណិជ្ជកម្មក្នុងវិស័យរ៉ែកម្រសំខាន់ៗរវាងភាគីទាំងពីរ នឹងអាចដំណើរការបានយ៉ាងរលូន និងមានភាពធន់យូរអង្វែងតាមដែលអាចធ្វើបាន។

ជាមួយនឹងអត្រាពន្ធ ១៩ភាគរយ ប្រទេសម៉ាឡេស៊ីនឹងអាចសន្សំថវិកាដល់ទៅជាង ៤៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ពីការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក រាប់ចាប់ពីបន្ទះឈីប Semiconductors និងថ្នាំពេទ្យជាដើម។

គួរបញ្ជាក់ថា ម៉ាឡេស៊ីមានរ៉ែកម្រជាង ១៦លានតោន ដែលមានតម្លៃប្រមាណជាង ២៣៦ពាន់លានដុល្លារ។ បច្ចុប្បន្នម៉ាឡេស៊ីផ្គត់ផ្គង់ប្រហែល ១៣ភាគរយនៃតម្រូវការរ៉ែសំខាន់ៗទូទាំងពិភពលោក ដែលតួលេខនេះរួមបញ្ចូលទាំងរ៉ែកម្ររបស់ផែនដីផងដែរ។

រ៉ែកម្រនៅម៉ាឡេស៊ីបច្ចុប្បន្ន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដោយសារម៉ាឡេស៊ីខ្វះបច្ចេកវិទ្យាចាំបាច់ដើម្បីកែច្នៃវា។ រ៉ែដ៏កម្រត្រូវបានប្រើប្រាស់ទូលំទូលាយនៅក្នុងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទ រាប់ចាប់ពីទូរស័ព្ទចល័ត និងម៉ាស៊ីនភ្លើងរហូតដល់បច្ចេកវិទ្យាការពារជាតិ៕

ប្រភព ៖ The Straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner