ធុងចម្រោះទឹកស្អាតជាងមួយពាន់ធុង ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ១០៦៥គ្រួសារនៅស្រុកទឹកផុស
កំពង់ឆ្នាំង៖ ធុងចម្រោះទឹកស្អាតចំនួន១.០៦៥ ធុង ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ១.០៦៥គ្រួសារ រស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាបរិវេណសាលាស្រុកទឹកផុស ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី ៨ព្រឹទ្ធសភា អនុប្រធានសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ សម្ដេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី សមាជិកាព្រឹទ្ធសភា លោកជំទាវ កែ ចន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនេះលោកជំទាវ មាន សំអាន មានប្រសាសន៍ថានេះជាការអនុវត្តគម្រោងបែងចែកចង្ក្រានសន្សំសំចៃថាមព និងធុងចម្រុះទឹកស្អាត ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដំណាក់កាលទី២ ខណៈដំណាក់កាលទី១អនុវត្ត ៣ ឆ្នាំដំបូងបានបញ្ចប់ហើយ ។សម្រាប់គម្រោងទី ២នេះនឹងបែងចែកទៅតាមបណ្ដាខេត្ត នានាដូចជាខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ ខេត្តប៉ៃលិន ខេត្តរតនគិរី ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ និងខេត្តព្រះសីហនុ ។

សម្រាប់ខេត្តកំពង់ឆ្នាំងគម្រោងទទួលបានធុងចម្រោះទឹកស្អាតមិនគិតថ្លៃនេះមានចំនួនជាង៧ ម៉ឺនធុង ។ដោយឡែកស្រុកទឹកផុសមានជាង២ម៉ឺនធុង ។

ជាមួយនឹងការចែកធុងចម្រុះទឹកស្អាតនេះមិនគិតថ្លៃទេ លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលធុងសូមយកទៅប្រើប្រាស់ដោយការថែរក្សា។សូមកុំយកទៅទុកចោល និងយកទៅលក់ដូរ ។ទុកដាក់ឱ្យបានគង់វង្ស ៕
ដោយ៖ សុខ គឹមសៀន

