អាជ្ញាធរសង្កាត់ភ្នំពេញថ្មី បើកយុទ្ធនាការចុះផ្សព្វផ្សាយសារអប់រំបង្ការអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារ និងការជួញដូរមនុស្ស

(ភ្នំពេញ)៖ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដើម្បីអនុវត្តន៍នូវគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យកាន់តែមានប្រសិទ្ធភាព បានរៀបចំយុទ្ធនាការចុះផ្សព្វផ្សាយសារអប់រំ និងបង្ការអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារ និងការជួញដូរមនុស្សនៅតាមទីតាំងអាជីវកម្មកម្សាន្តមួយចំនួន នៅតាមផ្លូវសាធារណៈនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

សូមជម្រាបថា ការប្រឆាំងនឹងការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទកុមារ គឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការបង្រ្កាប និងទប់ស្កាត់ដោយបានបង្កើតលិខិតបទដ្ឋានគតិយត្តិនានាដើម្បីគាំទ្រ និងធានានូវការអនុវត្តកិច្ចការប្រកបដោយប្រសិទ្ធភាព ។

យុទ្ធនាការចុះផ្សព្វផ្សាយនេះ បានអញ្ជើញចូលរួមដឹកនាំដោយចៅសង្គាត់ ភ្នំពេញថ្មី លោក ជុំ សារ៉ាយ, ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ លោកស្រី កាន់ រតនៈឧប្បល, ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខណ្ឌសែនសុខ លោកស្រី ពៅ ចាន់ហន, សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ភ្នំពេញថ្មី អាជ្ញាធរភូមិ រួមនឹងប្រជាការពារភូមិជាច្រើនរូបផងដែរ ។ ការរៀបចំឲ្យមានសកម្មភាពផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅនៅល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយបានទទួលការឧបត្ថមគាំទ្រដោយអង្គការម៉ារីស៊ី ។

លោកចៅសង្កាត់ភ្នំពេញបានលើកឡើងថា យុទ្ធនាការផ្សព្វផ្សាយនេះ បានចាប់ផ្តើមចេញដំណើរពីទីស្នាក់ការសង្កាត់ភ្នំពេញថ្មី ជាក្បួនដង្ហែ ដែលរួមមានម៉ូតូ និងរ៉ឺម៉កកងបី ដោយប្រើឧគ្ឃោសនស័ព្ទចាក់នូវសារសំលេងថ្នាក់ដឹកនាំ ស្តីពីការប្តេជ្ញាចិត្តក្នុងការប្រឆាំង និងលុបបំបាត់អំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា សារសំលេងអប់រំ និងបទចម្រៀងអប់រំ ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទកុមារ ជូនដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ នៅតាមផ្លូវ នៃភូមិភ្នំពេញថ្មី ភូមិពោងពាយ ភូមិឧកញ្ញាវាំង និងភូមិទំនប់ ក្នុងសង្កាត់ភ្នំពេញថ្មី និងរួមនឹងសកម្មភាពនៃការចែកខិតបណ្ឌដល់សាធារណជន និងបិទនៅតាមទីសាធារណផ្សេងៗផងដែរ ។ អាជ្ញាធរមូលដ្ឋាន នូវបានចុះអប់រំណែនាំផ្ទាល់ទៅកាន់ម្ចាស់ ឬអ្នកគ្រប់គ្រងដល់ទីតាំងអាជីវកម្មផ្ទាល់ ដែលស្ថិតនៅតាមបណ្តោយផ្លូវនៃក្បួនដង្ហែ ក្នុងភូមិទាំង៥នោះ ។

តំណាងនៃម្ចាស់អាជីវកម្មកម្សាន្តខារ៉ាអូខេ មានយីហោ មហាតាន់ ដែលតែងទទួលបានការអប់រំណែនាំពីអាជ្ញាធរមូលដ្ឋាន អំពីច្បាប់នៃការប្រព្រឹត្តបទល្មើសនៃជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទកុមារ បានថ្លែងពីការប្តេជ្ញាចិត្តគោរពតាមច្បាប់ ។

អំពើពេស្យាចារកុមារ ត្រូវបានគេឲ្យនិយមន័យថា គឺជាការរួមភេទ ឬការប្រព្រឹត្តអំពើគ្រប់រូបភាពផ្សេងៗទៀត ដែលទាក់ទងទៅនឹងភេទ រវាងអនីតិជន និងជនដទៃ ដើម្បីផ្តោះប្តូរទៅនឹងប្រាក់ ឬវត្ថុមានតម្លៃអ្វីមួយ ។ កន្លែងដែលអាចកើតមានអំពើធ្វើអាជីវកម្មផ្លូវភេទកុមារ និងការជួញដូរមនុស្ស ត្រូវគេបញ្ជាក់ថា តែងសំងំលាក់ខ្លួននៅទីតាំងមួយចំនួនរួមមាន៖ សណ្ឋាគារ លំនៅដ្ឋានឯកជន ឬខុនដូរ ផ្ទះសំណាក់ ហាងសាឡន ហាងម៉ាស្សា ប្រព័ន្ធអនឡាញ កន្លែងកម្សាន្តសម្រាប់មនុស្សពេញវ័យ មានដូចជាអង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន នោះជាដើម ។ យោងតាមច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទកុមារ អ្នកប្រព្រឹត្តនឹងត្រូវមានជាប់ទោសទណ្ឌធ្ងន់ធ្ងរ ដោយត្រូវជាប់ពន្ធនាគារយូរហូតដល់ ២០ឆ្នាំ ហើយអាជីវកម្មដែលមានពាក់ព័ន្ធក៏នឹងត្រូវបិទទ្វាជាអចិន្រ្តៃយ៍ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ads banner