រុស្ស៊ីជោគជ័យធ្វើតេស្តមីស៊ីលនុយក្លេអ៊ែរថ្មីហោះក្នុងចម្ងាយជាង ១ម៉ឺនគីឡូម៉ែត្រ

មូស្គូល ៖ រុស្ស៊ីបានប្រកាសអួតក្តែងៗទៅកាន់ពិភពលោកថា មីស៊ីលបញ្ជាទិសដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់ខ្លួន ឈ្មោះថា Burevestnik អាចមានសមត្ថភាពហោះហើរក្នុងរយៈពេល១៥ម៉ោង និងវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយដល់ទៅ ១៤,០០០គីឡូម៉ែត្រ បន្ទាប់ពីការធ្វើតេស្តចុងក្រោយបានជោគជ័យទាំងស្រុង។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរថ្មីនេះថា ជាមីស៊ីលដ៏ពិសេស ហើយគ្មានប្រទេសណាមួយលើពិភពលោកមានសមត្ថភាពផលិតបានទេ ពីព្រោះសមត្ថភាពរបស់មីស៊ីល Burevestnik គឺខ្លាំងគ្មានដែនកំណត់ទេ។

លោកប្រធានាធិបតី ពូទីន អះអាងថា ការធ្វើតេស្តដ៏ម៉ឺងម៉ាត់ ឥឡូវនេះបានបញ្ចប់ហើយ ដោយលោកបានបញ្ជាឱ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដាក់ឱ្យប្រើប្រាស់មីស៊ីលដ៏កំណាចនេះក្នុងជួរកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។

ជាមួយគ្នានេះ ប្រធានសេនាធិការយោធារុស្ស៊ី លោក Valery Gerasimov ក៏បានលើកឡើងដែរថា សមត្ថភាពមីស៊ីលដ៏កំណាចនេះ គឺគ្មានដែនកំណត់ទេ ដោយសារតែបច្ចេកវិទ្យាបំពាក់ក្នុងមីស៊ីល Burevestnik អនុញ្ញាតឱ្យវាមានសមត្ថភាពវាយប្រហារកាន់តែមានភាពជាកលាក់ និងអាចកម្ទេចគ្រប់ទីតាំងសត្រូវ ទោះបីមានការការពារខ្ពស់ក៏ដោយ។

គួរបញ្ជាក់ថា រុស្ស៊ីទំនងជាបានចំណាយពេលដល់ទៅ ៧ឆ្នាំ ក្នុងការផលិតមីស៊ីល Burevestnik ពោលគឺបន្ទាប់ពីលោកប្រធានាធិបតី ពូទីន បានប្រកាសអំពីការអភិវឌ្ឍមីស៊ីលបំពាក់ដល់យោធារុស្ស៊ីកាលពីឆ្នាំ ២០១៨ ដោយលោកបាននិយាយអួតថា វាអាចគេចផុតពីប្រព័ន្ធប្រឆាំងមីស៊ីលទាំងអស់ ដែលនេះជាការត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងមើលមិនឃើញពីសំណាក់សហរដ្ឋអាមេរិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner