អ៊ីស្រាអែល ថា ខ្លួននៅតែអាចបាញ់ នៅហ្គាហ្សា
ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែលបានទទូចថា ខ្លួននៅតែអាចបាញ់ នៅតំបន់ហ្គាហ្សា ទោះបីជាមានបទឈប់បាញ់ ក៏ដោយ។
កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានអះអាង ខ្លួននឹងរក្សាការគ្រប់គ្រងសន្តិសុខ នៅខាងក្នុងតំបន់ហ្គាហ្សា បើទោះបីជាបានចុះហត្ថលេខា លើបទឈប់បាញ់។
នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់គណៈរដ្ឋមន្ត្រីថា នឹងសម្រេចដោយខ្លួនឯងថា តើកន្លែងណា និង ពេលណា ដែលត្រូវវាយប្រហារសត្រូវរបស់ខ្លួន ហើយប្រទេសណាខ្លះ នឹងត្រូវបានអនុញ្ញាតឲ្យចូល។
លោក Netanyahu បាននិយាយថា «អ៊ីស្រាអែល គឺជារដ្ឋឯករាជ្យមួយ..យើងនឹងការពារខ្លួនយើង ដោយមធ្យោបាយ របស់យើងផ្ទាល់ ហើយយើងនឹងបន្តកំណត់ជោគវាសនា របស់យើង…យើងមិនស្វែងរកការយល់ព្រម ពីនរណាម្នាក់ សម្រាប់រឿងនេះទេ…យើងគ្រប់គ្រងសន្តិសុខរបស់យើង»។
យ៉ាងណា ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កងកម្លាំងអ៊ីស្រាអែលដកខ្លួនចេញ បន្ទាប់ពីការបញ្ចប់នៃការប្រយុទ្ធ យ៉ាងឃោរឃៅរយៈពេលពីរឆ្នាំប្រឆាំងនឹងក្រុមហាម៉ាស។ កងកម្លាំងអន្តរជាតិ ដែលរំពឹងថា នឹងទាញចេញពីប្រទេសអារ៉ាប់ ឬ មូស្លីម ភាគច្រើន ត្រូវបានគេសន្មត់ថា នឹងទៅធានា ដល់តំបន់ហ្គាហ្សា។
ប៉ុន្តែ អ៊ីស្រាអែលជំទាស់នឹងតួនាទីណាមួយ សម្រាប់គូប្រជែងក្នុងតំបន់របស់ខ្លួន ដូចជា ប្រទេស តួកគី ជាដើម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
