ជប៉ុនបាញ់បង្ហោះយានដឹកទំនិញថ្មីទៅកាន់លំហអាកាសដោយជោគជ័យ

តូក្យូ ៖ ប្រទេសជប៉ុនបាញ់បង្ហោះយានដឹកជញ្ជូនទំនិញថ្មីរបស់ខ្លួន មានឈ្មោះថា HTV-X ទៅកាន់ទីអវកាសដោយជោគជ័យ នៅម៉ោងប្រហែល ៩ព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគនិរតីនៃប្រទេសជប៉ុន។

យានអវកាសនេះ ត្រូវបានដឹកដោយគ្រាប់រ៉ុកកែតដ៏មានឥទ្ធិពលបំផុតរបស់ជប៉ុនគឺ H3 ហើយប្រហែល ១៤នាទីបន្ទាប់ពីការបាញ់បង្ហោះ វាបានហោះចូលទៅក្នុងគន្លងយ៉ាងត្រឹមត្រូវ។

ទីភ្នាក់ងារអវកាសជប៉ុន JAXA និយាយថា ការបាញ់បង្ហោះនេះ គឺជាជោគជ័យដ៏ធំមួយ និងបង្ហាញពីសមត្ថភាពរបស់ជប៉ុន ក្នុងការបញ្ជូនសម្ភារៈទៅកាន់ទីអវកាសដោយពឹងផ្អែកលើបច្ចេកវិទ្យាខ្លួនឯង។ ភាពជោគជ័យនេះដែរ នឹងពង្រឹងតួនាទីជប៉ុន ក្នុងបច្ចេកវិទ្យាអវកាស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

បើតាមការគ្រោងទុក យាន HTV-X1 នឹងហោះទៅដល់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយអវកាសយានិកជប៉ុន Kimiya Yui នឹងប្រើដៃរ៉ូបូតដើម្បីចាប់វា។ យានដឹកទំនិញថ្មីនេះ មានសមត្ថភាពផ្ទុកទំនិញបានទម្ងន់ ៦តោន ហើយអាចរក្សាទុករបស់ឱ្យត្រជាក់ និងនៅក្នុងស្ថានីយ៍រហូតដល់៦ខែ។ វាក៏អាចយកកាកសំណល់ត្រឡប់ទៅផែនដីវិញផងដែរ មុននឹងបន្តបេសកកម្មផ្សេងទៀតនៅក្នុងលំហអាកាស។

នេះក៏ការហោះហើរលើកដំបូងរបស់រ៉ុកកែត H3 ដ៏មានឥទ្ធិពលបំផុតរបស់ជប៉ុន ដែលមានឧបករណ៍ជំរុញចំនួនបួន។ រ៉ុកកែត H3 នេះបានជំនួសម៉ូដែល H-2A ចាស់ ហើយត្រូវបានរចនាឡើងឱ្យមានតម្លៃថោកជាង និងមានការប្រកួតប្រជែងខ្លាំងជាងមុននៅក្នុងឧស្សាហកម្មអវកាសពិភពលោក៕

ប្រភព ៖ The Star និង NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner