សន្លឹកកិច្ចការបេក្ខជនជិត ៩ពាន់នាក់ដែលបានប្រឡងជ្រើសរើសគ្រូបង្រៀនបានដំណើរការកែតាមនីតិវិធី

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមបើកដំណើរការកែសន្លឹកកិច្ចការ និងពិនិត្យដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជន ប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដោយស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី តំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍ មកពីតំណាងសាកលវិទ្យាល័យនានា និងសាធារណជនស្ម័គ្រចិត្តផងដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការប្រឡងជ្រើសរើស គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ ដើម្បីបំពេញតាមតម្រូវការបង្រៀន នៅតាមសាលារៀន ពិសេសផ្តោតលើការបង្រៀនផ្គួបថ្នាក់ ដែលមានសិស្សច្រើនហួសកំណត់ក្នុងមួយថ្នាក់ និងជាការដោះស្រាយទៅលើការបង្រៀន រហូតដល់ពីរវេន សម្រាប់គ្រូបង្រៀន នៅតាមសាលារៀនមួយចំនួន នៅចំពោះមុខតាមបណ្តាខេត្តគោលដៅ ដូចជា ខេត្តបាត់ដំបង កំពង់ចាម ត្បូងឃ្មុំ ព្រែវែង និងខេត្តតាកែវ។

ចំពោះការប្រឡងរៀបចំឡើងលើនេះ មានបេក្ខជនចូលរួមប្រលងចំនួន ៨,៨៩៥នាក់ និងត្រូវបែងចែកទៅតាម ៣មណ្ឌលប្រឡងផ្សេងគ្នា គឺនៅវិទ្យាស្ថានជាតិអប់រំ នៅសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ មានចំនួន១០១បន្ទប់ វិទ្យាសាស្ត្រសេដ្ឋកិច្ច មានចំនួន៩៣បន្ទប់ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង មានចំនួន៥៦បន្ទប់។ មកដល់ពេលនេះ អនុគណៈកម្មការកំណែ បានចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជន
ជា៣ផ្នែក សម្រាប់វិញ្ញាសារនីមួយៗ ដែលមានគណៈកម្មការចំនួន ២៥២នាក់ ក្នុងនោះវិញ្ញាសារភាសារខ្មែរ មានចំនួន៨០នាក់ វិញ្ញាសារគណិតវិទ្យា មានចំនួន៨០ និងវិញ្ញាសារចំណេះដឹងទូទៅ មានចំនួន៩២នាក់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា បេក្ខជនដែលប្រឡងជាប់ នឹងទៅជួយសម្រួលលើការងារទាំងនេះ ដែលផ្ដល់ជាផលជះវិជ្ជមានសម្រាប់សិស្ស ក្នុងការក្រេបយកចំណេះដឹង ក៏ដូចជាជួយកាត់បន្ថយភាពនឿយហត់ របស់គ្រូបង្រៀនមួយចំនួន ដែលត្រូវបង្រៀនពីរវេនដោយសារការខ្វះគ្រូ។ បេក្ខជនដែលប្រឡងជាប់ ត្រូវបំពេញការងារភ្លាមៗ ចាប់ពីបវេសនកាលឆ្នាំសិក្សាថ្មី ពីថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខ។

សូមបញ្ជាក់ថា សម្រាប់ដំណើរការកែសន្លឹកកិច្ចការ និងពិនិត្យដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជនប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ តាមការគ្រោងទុក និងប្រកាសលទ្ធផលនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner