មុនហោះទៅជប៉ុន លោក ត្រាំ ឆ្លៀតផ្តាំថា អាមេរិកនៅតែជាដៃគូដ៏រឹងមាំរបស់អាស៊ាន

គូឡាឡាំពួរ ៖ ប្រធានាធិបតអាមេរិក លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន អំឡុងកិច្ចប្រជុំកំពូលមួយជាមួយមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ មុនពេលចាកចេញឆ្ពោះទៅកាន់ជប៉ុន និងកូរ៉េខាងត្បូង។

លោកប្រធានាធិបតី ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា លោកបានធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ គឺក្នុងគោលបំណងធ្វើឱ្យចំណងមិត្តភាពពាណិជ្ជកម្មរបស់យើងកាន់តែស៊ីជម្រៅ និងពង្រឹងសន្តិសុខរួមរបស់យើង ពិសេសលើកកម្ពស់ស្ថិរភាព វិបុលភាព និងសន្តិភាពឱ្យកាន់តែរឹងមាំ។

មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានអះអាងទៀតថា សហរដ្ឋអាមេរិកនឹងស្ថិតនៅជាមួយអ្នក១០០ភាគរយ ហើយយើងក៏មានបំណងចង់ក្លាយជាដៃគូ និងមិត្តភក្តិដ៏រឹងមាំសម្រាប់មនុស្សជំនាន់ក្រោយៗទៀតផងដែរ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បាននិយាយថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកកាន់តែមានភាពស៊ីជម្រៅរហូតក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។

លោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចដ៏រឹងមាំរបស់អាស៊ាន និងសហរដ្ឋអាមេរិកបង្ហាញពីសក្តានុពល ក្នុងការបង្កើតយុគសម័យមាសសម្រាប់ប្រជាជាតិទាំងអស់របស់យើង។

គួរបញ្ជាក់ថា ការលើកឡើងពីគោលជំហររបស់លោកប្រធានាធិបតី ត្រាំ នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងក្នុងទម្រង់ផ្សេងៗទៀត ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសចិនក៏កំពុងបង្កើនឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់។

បន្ទាប់ពីបញ្ចប់បេសសកម្មនៅម៉ាឡេស៊ី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងដំណើរទស្សនកិច្ចនៅអាស៊ីទៅកាន់ប្រទេសជប៉ុន រួចបន្តហោះទៅកាន់កូរ៉េខាងត្បូង ជាកន្លែងដែលរូបលោកនឹងជួបតទល់ជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ខណៈប្រទេសមហាយក្សទាំងពីរប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្ម៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner