ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កោះរ៉ុងនៅតែជាកន្លែងទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសលើវិស័យទេសចរណ៍
(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា កោះរ៉ុងនៅតែជាកន្លែងទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសលើវិស័យទេសចរណ៍ ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណិតនៃគម្រោង Port Yves Palace របស់ក្រុមហ៊ុន M B I S Development Co.,Ltd. នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅឆ្នេរកោះតូច ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាគម្រោងអគារពហុមុខងារ និងសណ្ឋាគារប្រណិត Yves Palace កោះរ៉ុង នឹងលេចចេញជារូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ ដែលនឹងផ្ដល់នូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់វិស័យទេសចរណ៍ និងប្រជាពលរដ្ឋនៅកោះរ៉ុង ខេត្តព្រះសីហនុ ។

លោកស្រី IWONA MAGDA KMIECIK នាយិកាប្រតិបត្តិ M.B.I.S APSARA RESORT គម្រោង Port Yves Palace នឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា ជាពិសេសរួមចំណែកជួយដល់គោលដៅរដ្ឋាភិបាល ដែលគ្រោងប្រទេសកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាងនេះទៅទៀតផ្តល់ឱកាសការងារអចិន្ត្រៃយ៍ ដល់ប្រជាជនកម្ពុជាប្រមាណ ១០០០កន្លែង ក្នុងអំឡុងពេលសាងសង់ និងដំណាក់កាលចាប់ផ្តើម ។

លោកស្រីបន្តថា គម្រោង Port Yves Palace ជាការកសាងនូវវប្បធម៌ ការយោគយល់ និងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយប្រតិបត្តិការនៃគម្រោងនេះនឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ចំពោះបរិស្ថាន ដោយការការពារធម្មជាតិ និងរួមចំណែកដល់អាយុជីវិតយូរអង្វែងសម្រាប់ភពផែនដី និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព អាចកសាងនូវអ្វីដែលស្រស់ស្អាតសម្រាប់ប្រទេសជាតិកម្ពុជា និងសម្រាប់មនុស្សជំនាន់ក្រោយ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បញ្ជាក់ថា ការវិនិយោគលើអគារពហុមុខងារ និងសណ្ឋាគារប្រណិត Yves Palace កោះរ៉ុង គឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុត ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ ដែលមកសម្រាកលំហែកំសាន្តនៅកោះរ៉ុង ទាក់ទាញទេសចរណ៍បានកាន់តែច្រើន ក៏ដូចជាបង្កើតការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅកោះរ៉ុង និងបានចាត់ទុកថានេះមិនត្រឹមតែជាអគារពហុមុខងារ និងសណ្ឋាគារប្រណិតប៉ុណ្ណោះទេ ប៉ុន្តែនេះជានិមិត្តរូបមួយនៃការកកើតជីវិតថ្មីមួយទៀតសម្រាប់អ្នកកោះរ៉ុង ជាសសរទ្រូង និងឆ្អឹងខ្នងសេដ្ឋកិច្ចសម្រាប់អ្នកកោះរ៉ុងផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបណ្ដុះគំនិតដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅកោះរ៉ុង ត្រូវយល់ឱ្យបានច្បាស់អំពីប្រភេទទេសចរណ៍នៅកោះរ៉ុង ត្រូវយល់ឱ្យបានច្បាស់ពីគោលបំណងរបស់អ្នកទេសចរណ៍ ដែលមកទីនេះដែលត្រូវការការលំហែបែបស្ងប់ស្ងាត់ជាមួយធម្មជាតិស្រស់ត្រកាល ស្រូបយកខ្យល់អាកាសបរិសុទ្ធពីសមុទ្រ ហើយទាំងនេះគឺជាអ្វីដែលយើងទាំងអស់គ្នាជាអ្នកកោះរ៉ុងត្រូវយល់ដឹងនិងគិតគូរធ្វើយ៉ាងណា ដើម្បីទាក់ទាញទេសចរណ៍ឱ្យមកកាន់ទីនេះបានកាន់តែច្រើនថែមទៀត តាមរយៈសក្តានុពលទេសចរណ៍ដ៏សំបូរបែបដែលមានស្រាប់នៅកោះរ៉ុង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការវិនិយោគក្នុងការសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណីតនេះ បានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់អ្នកកោះរ៉ុងយ៉ាងពិតប្រាកដ ដូច្នេះឯកឧត្តម បានណែនាំដល់រដ្ឋបាលក្រុងកោះរ៉ុងធ្វើយ៉ាងណាខិតខំកៀរគរអ្នកវិនិយោគ ឱ្យមកបណ្ដាក់ទុនវិនិយោគនៅលើកោះរ៉ុងឱ្យបានច្រើនថែមទៀត ហើយកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវប្តេជ្ញាធានាការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋនៅលើកោះរ៉ុងនេះឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមានភាពកក់ក្តៅ រីករាយក្នុងការធ្វើដំណើរកំសាន្តនៅទីនេះប្រកបដោយសុវត្ថិភាព និងត្រូវរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះរ៉ុងបន្តទៀត ក្នុងនោះមានការកសាងផ្លូវ ដាក់អំពូលភ្លើង និងបំពាក់កាមេរ៉ាសុវត្ថិភាព ជាដើម ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងខិតខំកៀរគរថវិកាដើម្បីបំពាក់ប្រព័ន្ធចម្រោះទឹកស្អាតនៅទីនេះ រៀបចំវិនិយោគទីតាំងស្តុកទឹកស្អាតឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងសម្រាមឱ្យបានល្អ រៀបចំសហគមន៍ដាំបន្លែចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់សំរាប់អ្នកកោះរ៉ុង និងភ្ញៀវទេសចរណ៍ឱ្យបានគ្រប់គ្រាន់ ដែលទាំងនេះសុទ្ធសឹងតែផ្ដល់នូវឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋនៅកោះរ៉ុង និងការអភិវឌ្ឍន៍កោះនេះ ឱ្យក្លាយជាគោលដៅទេសចរមួយដ៏មានប្រជាប្រិយភាព និងកាន់តែមានភាពទាក់ទាញ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរួមមាន ផ្លូវ ទឹក ភ្លើង អ៊ីនធឺណែត ការបង្កបង្កើនផលបន្លែ សាច់ មាន់ ទា ស្ថានីយ៍ស្តុកម្ហូបអាហារ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃលើកោះផ្ទាល់ ការគ្រប់គ្រងសំរាម ការសម្អាតកោះជារួម និងការគ្រប់គ្រងទឹកកខ្វក់ជាដើម ទាំងអស់នោះសំដៅធានា និរន្តភាពនៃខឿនសេដ្ឋកិច្ចរបស់កោះ និងលើកស្ទួយជីវភាពរបស់អ្នកកោះរ៉ុងជារួម ត្រូវផ្លាស់ប្តូរផ្នត់គំនិតមកទទួលយកថា កោះរ៉ុង ក៏ជាសហគមន៍ប្រជាជាតិមួយ ហើយអ្នកកោះរ៉ុងខ្លួនឯងមានវប្បធម៌ អរិយធម៌ល្អជាមួយអ្នកភូមិផងរបងតែមួយ ចេះយកអាសារគ្នា ជាសហគមន៍ចម្រុះប្រជាជាតិនៅលើទឹកដីកម្ពុជា ដែលនេះហើយជាតារារះនាទិសនិរតី ៕
អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ
