ពានរង្វាន់អាស៊ាន ជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់របស់ ស.ស. យ.ក. ក្នុងការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន និងសង្គម

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា លោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក. ព្រមទាំងគណៈប្រតិភូកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើមាតុភូមិនិវត្តដោយនាំយកនូវពានរង្វាន់អាស៊ាន មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោប្រកបដោយជោគជ័យ និងសុវត្ថិភាព ព្រមទាំងមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបាននាំយកពានរង្វាន់ដ៏មានអត្ថន័យនេះ មកជូនក្រុមគ្រួសារស.ស.យ.ក. រួមទាំងប្រជាជាតិខ្មែរទាំងមូល។ លោកជំទាវ បានគូសបញ្ជាក់ថា ពានរង្វាន់ដែល ស.ស.យ.ក. ទទួលបាននេះ មិនមែនសម្រាប់សម្រាប់អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជាប៉ុណ្ណោះទេ តែវាជាមោទនភាពមួយសម្រាប់សមាជិក សមាជិកាគ្រប់រូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី ស្មគ្រ័ចិត្តចូលរួមជាមួយ ស.ស.យ.ក. រហូតសម្រេចបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់នាពេលកន្លងមក។

គួរបញ្ជាក់ថា ពានរង្វាន់នេះត្រូវបានអគ្គលេខាធិការអាស៊ានសម្រេចប្រគល់ជូន ស.ស.យ.ក. ដោយផ្អែកតាមការវាយតម្លៃលើ តួនាទីដ៏សកម្មរបស់ ស.ស.យ.ក. ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន ការរួមចំណែកចំពោះសមាហរណកម្មតំបន់ តាមរយៈគំនិតផ្តួចផ្តើម ដោយយុវជន និងគំនិតផ្តួចផ្តើមឆ្លងកាត់វប្បធម៌ ជាច្រើន រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់វប្បធម៌ និងលើកកម្ពស់ការកសាងសន្តិភាពក្នុងចំណោមយុវជនអាស៊ាននិងដៃគូសកលរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលឱ្យមានការចូលរួមរបស់យុវជនតាមរយៈការអភិវឌ្ឍសមត្ថភាព និងការជំរុញឱ្យមានការចូលរួមក្នុងសហគមន៍។

គួរបញ្ជាក់ថា ASEAN Prize គឺជាពាន រង្វាន់មួយត្រូវបានបង្កើតឡើងដើម្បីទទួល ស្គាល់សមិទ្ធផលដ៏គួរឱ្យស្ញប់ស្វែងរបស់ប្រជាពលរដ្ឋអាស៊ាន ឬអង្គការ ដែលមានមូលដ្ឋានក្នុងតំបន់អាស៊ាន ដែលបានរួមចំណែកដ៏ធំធេង ក្នុងការជំរុញកិច្ចដំណើរការកសាងសហគមន៍អាស៊ាន ជាពិសេសការពង្រឹងអត្តសញ្ញាណនិងស្មារតីអាស៊ាន និងការលើកស្ទួយ “មាគ៌ាអាស៊ាន”(ASEAN Way)។ ពានរង្វាន់នេះត្រូវបង្កើតឡើងតាំងពីឆ្នាំ ២០១៨មកម្លេះ នៅ ពេលដែលប្រទេសសិង្ហបុរី ធ្វើជាប្រធានអាស៊ាន។ លេខាធិការដ្ឋានអាស៊ាន ទទួលបន្ទុកគ្រប់គ្រងរៀបចំចាត់ចែង ដោយសហការជាមួយដៃគូនានា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner