អ៊ុយក្រែនសម្ញែងយានដ្រូនបើកនៅសមុទ្រថ្មី ស្របពេលរុស្ស៊ីក៏អួតមីស៊ីលនុយក្លេអ៊ែរ

កៀវ ៖ អ៊ុយក្រែនសម្ញែងយានដ្រូនបើកនៅសមុទ្រថ្មី មានរហ័សនាមថា “Sea Baby” ដែលខ្លួនទើបធ្វើទំនើបកម្ម ជាមួយនឹងការអួតក្តែងៗថា ឥឡូវនេះវាអាចប្រតិបត្តិការគ្រប់ទីកន្លែងក្នុងសមុទ្រខ្មៅ បំពាក់អាវុធធុនធ្ងន់ជាងមុន និងប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់កំណត់គោលដៅទៀតផង។

សេវាសន្តិសុខជាតិអ៊ុយក្រែននិយាយថា រយៈចម្ងាយនៃយានដ្រូន Sea Baby នេះ ត្រូវបានពង្រីកពី ១.០០០គីឡូម៉ែត្រទៅដល់ ១.៥០០គីឡូម៉ែត្រ ហើយអាចផ្ទុកទម្ងន់បានរហូតដល់ទៅ ២,០០០គីឡូក្រាម។

អ៊ុយក្រែនតែងប្រើយានដ្រូនរបស់កងទ័ពជើងទឹក ដើម្បីកំណត់គោលដៅវាយប្រហារលើការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ីក្នុងសមុទ្រខ្មៅ។

សេវាសន្តិសុខជាតិអ៊ុយក្រែនបន្ថែមថា ការវាយប្រហារដោយយានដ្រូនត្រូវចាត់ទុកថា ជាប្រតិបត្តិការដ៏ជោគជ័យប្រឆាំងនឹងនាវារុស្ស៊ីចំនួន ១១គ្រឿងរួចមកហើយ រួមទាំងនាវាចម្បាំង និងនាវាផ្ទុកមីស៊ីល ដែលជំរុញឱ្យកងទ័ពជើងទឹករុស្ស៊ី ផ្លាស់ប្តូរទីតាំងមូលដ្ឋានសំខាន់របស់ខ្លួនពីតំបន់ Sevastopol នៅឧបទ្វីបគ្រីមៀ ទៅតំបន់ Novorossiysk នៅលើឆ្នេរសមុទ្រខ្មៅរបស់រុស្ស៊ី។

បន្ទាប់ពីអ៊ុយក្រែនទើបអួតពីយានដ្រូនថ្មី មិនដល់មួយសប្តាហ៍ផង ស្រាប់តែថ្ងៃចន្ទនេះ រុស្ស៊ីបានប្រកាសអួតក្តែងៗទៅកាន់ពិភពលោកថា មីស៊ីលបញ្ជាទិសដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់ខ្លួន មានឈ្មោះថា Burevestnik។

មីស៊ីលនេះអាចមានសមត្ថភាពហោះហើរក្នុងរយៈពេល១៥ម៉ោង និងវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយដល់ទៅ ១៤,០០០គីឡូម៉ែត្រ បន្ទាប់ពីការធ្វើតេស្តចុងក្រោយបានជោគជ័យទាំងស្រុង។

គួរបញ្ជាក់ថា ការចរចាបញ្ចប់សង្គ្រាមដ៏ស៊ីសាច់ហុតឈាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយរយៈពេលជិត ៤ឆ្នាំមកនេះ ទំនងមិនមែនងាយស្រួលដោះស្រាយនោះទេ ដោយសារតែនេះជាសង្គ្រាមបែងចែកប្លុកនយោបាយ៕

ប្រភព ៖ AP និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner