កម្ពុជា-នូវែលហ្សេឡង់ ឯកភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ បានជួបពិភាក្សាការងារទ្វេភាគី នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងនូវែលហ្សេឡង់។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសក្តានុពលនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ សម្ដេចបវរធិបតីបានជម្រាបជូនអំពីការអភិវឌ្ឍ និងអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការធ្វើពិពិធកម្មទៅលើទីផ្សារនាំចេញ និងប្រភេទផលិតផលនាំចេញ។

ទន្ទឹមនេះ កម្ពុជាក៏មានសក្តានុពលជាច្រើនទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា។ ដោយយោងលើសក្តានុពលទាំងនេះរបស់កម្ពុជា, សម្ដេចបវរធិបតីបានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ជួយជំរុញវិនិយោគិននូវែលហ្សេឡង់ពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានចំណុចខ្លាំងរៀងៗខ្លួនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលហ្សេឡង់”។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទៅលើបញ្ហាតំបន់ និងសកលមួយចំនួន ផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner