ឥណ្ឌាគ្រោងបង្កើតច្បាប់រឹតត្បិត AI ទប់ស្កាត់ព័ត៌មានមិនពិត និងវីដេអូក្លែងក្លាយ

ញូវដែលី ៖ ក្នុងគោលបំណងទប់ស្កាត់ការចែកចាយព័ត៌មានមិនពិត និងវីដេអូក្លែងក្លាយប៉ះពាល់ដល់សង្គម, រដ្ឋាភិបាលឥណ្ឌាបានស្នើបង្កើតច្បាប់ថ្មីមួយ ដើម្បីគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP។

កាសែតរ៉យទ័របានរាយការណ៍ថា ស្ថិតក្រោមច្បាប់ថ្មីនេះ តម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមនានាដាក់សញ្ញាសម្គាល់ ចំពោះព័ត៌មាន ឬវីដេអូទាំងឡាយណាដែលបង្កើតឡើងដោយ AI បានឱ្យយ៉ាងហោចណាស់ ១០ភាគរយ ហើយទំនួលខុសត្រូវដ៏ធំនេះធ្លាក់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មានដូចជា OpenAI, Meta, X និង Google។

មូលហេតុដែលឥណ្ឌាស្នើបង្កើតច្បាប់រឹតត្បិតការប្រើប្រាស់ AI នេះ គឺដោយសារតែក្រសួងបច្ចេកវិទ្យាព័ត៌មាន បានលើកឡើងពីកំណើនហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាមិនត្រឹមត្រូវ ដើម្បីធ្វើការបង្កើត ឬផលិតព័ត៌មានក្លែងក្លាយ។

ក្រសួងបានលើកឡើងថា ឧប្បត្តិហេតុថ្មីៗនេះ ពាក់ព័ន្ធនឹងសំឡេង វីដេអូ និងបណ្ដាញព័ត៌មានក្លែងក្លាយ ដែលកំពុងតែរីករាលដាលពាសពេញវេទិកាបណ្ដាញសង្គម បានបង្ហាញពីសក្ដានុពលនៃបច្ចេកវិទ្យា AI ក្នុងការបង្កើតភាពក្លែងក្លាយដែលគួរឲ្យជឿជាក់បាន។

ក្រសួងបន្ថែមថា ខ្លឹមសារបែបនេះ អាចត្រូវបានប្រើជាអាវុធ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ រៀបចំ ឬមានឥទ្ធិពលលើការបោះឆ្នោត ឬប្រព្រឹត្តការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ។

យោងតាមប្រភពរបស់សមាគមអ៊ីនធឺណិត និងទូរស័ព្ទចល័តរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា ឥណ្ឌាមានអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជាង ៩០០លាននាក់ ហើយចិនមានអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតច្រើនជាង ប៉ុន្តែឥណ្ឌាបើកចំហជាង ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក៕

ប្រភព ៖ AFP និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner