យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរចិនហោះឆ្វែលកោះតៃវ៉ាន់

ប៉េកាំង ៖ យន្តហោះចម្បាំងចិនមួយក្រុម ដែលមានទាំងយន្តហោះ H-6K ជាយន្តហោះទម្លាក់គ្រាប់បែកអាចផ្ទុកអាវុធនុយក្លេអ៊ែរផងនោះ បានហោះហើរនៅក្បែរកោះតៃវ៉ាន់នាពេលថ្មីៗនេះ ហើយការហោះឆ្វែលនេះ កើតឡើងមុនពេលមេដឹកនាំអាមេរិក-ចិនជួបតទល់គ្នានៅកូរ៉េខាងត្បូង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនចេញផ្សាយកាលពីថ្ងៃអាទិត្យ។

គណនី Weibo របស់យោធាចិនបានបញ្ជាក់ថា យន្តហោះចម្បាំង J-10 ជាច្រើនគ្រឿងបានហោះហើរក្នុងទម្រង់ប្រយុទ្ធទៅកាន់ដែនអាកាសគោលដៅដែលបានកំណត់ ហើយយន្តហោះទម្លាក់គ្រាប់បែក H-6K ជាច្រើនគ្រឿងទៀតក៏បានហោះហើរទៅកាន់ដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់ផងដែរ ដើម្បីអនុវត្តសមយុទ្ធនៅពេលមានការប្រឈមមុខគ្នា។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន, ការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រទេសចិន គឺត្រូវការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមរយៈសកម្មភាពជាក់ស្ដែង។ យើងនឹងរួមគ្នាថែរក្សាសន្តិភាព និងសុភមង្គលរបស់ប្រជាជនយើងទាំងអស់គ្នា។

ជាការឆ្លើយតបនោះ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានហៅសមយុទ្ធដែនអាកាសរបស់ចិនថា ធ្វើឡើងមានបំណងបង្កការបំភិតបំភ័យ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឱ្យពលរដ្ឋតៃវ៉ាន់រក្សាការរួបរួមគ្នា ដើម្បីប្រឈមមុខនឹងការបំភិតបំភ័យនេះ សំដៅលើកកម្ពស់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ និងការពារមាតុភូមិជាមួយគ្នា។

គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់បច្ចុប្បន្ននៅតែបដិសេធការទាមទារអធិបតេយ្យភាពរបស់ប្រទេសចិន និងចាត់ទុកខ្លួនឯងជារដ្ឋឯករាជ្យមួយ។ ប៉ុន្តែចិននៅតែចង់បង្រួបបង្រួម ហើយបានគំរាមជាច្រើនលើកច្រើនសារអំពីលទ្ធភាពប្រើប្រាស់កម្លាំងយោធាផងដែរ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner