ក្រសួងឧស្សាហកម្មបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល ដើម្បីពង្រឹងគុណភាព ទំនុកចិត្ត និងការពង្រីកទីផ្សារទំនិញ

អត្ថបទដោយ៖
Sophol Kung

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ ។ យុទ្ធនាការនេះនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រពិសេសសម្រាប់ទាំងអ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូលផលិតផល ។

សូមបញ្ជាក់ថា ការចុះបញ្ជីផលិតផល គឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល ។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។

ពិធីប្រកាសបើកយុទ្ធនាការនេះ បានរៀបឡើងនៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងក្រសួងឧស្សាហកម្ម និងអ្នកចូលរួមប្រមាណ ២ពាន់នាក់ រួមមានសហគ្រាសផលិតក្នុងស្រុកចំនួន ១៩ក្រុមហ៊ុន, នាំចូលចំនួន៦ ក្រុមហ៊ុនដំឡើងរថយន្តចំនួន៣ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន ។

ក្នុងយុទ្ធនាការនេះ សហគ្រាសផលិត និងក្រុមហ៊ុននាំចូលដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ នឹងទទួលបានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ ១០% សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ មុខ, ១៥% សម្រាប់ការចុះបញ្ជីផលិតផលពី ២០-៤៩ និង ២០% សម្រាប់ការចុះបញ្ជីផលិតផលលើសពី៥០មុខ ក្នុងពេលតែមួយ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា “ការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មី ឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេ ប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈក្នុងការកែលម្អសេវា និងការគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួង ។ យុទ្ធនាការពេលនេះ គឺទាន់ពេល ត្រូវកាលៈទេសៈ និងឆ្លើយតបផ្ទាល់ទៅនឹងកង្វល់ និងសំ ណូមពររបស់ទីផ្សារ ទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ក៏ដូចជាការវិវត្តនៃសភាពការណ៍ពាណិជ្ជកម្ម ។”

ក្រសួងបានសម្រួលនីតិវិធី ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំ និងកាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. មកនៅត្រឹម ៥ថ្ងៃ នៃថ្ងៃធ្វើការ ក្នុងករណីដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។

ទន្ទឹមនឹងនេះ ពាក្សស្នើសុំតែមួយអាចប្រើប្រាស់សម្រាប់ការចុះបញ្ជីផលិត ផលច្រើនមុខក្នុងពេលតែមួយ ហើយអាជ្ញាបណ្ណ ច.ប.ផ. មានសុពលភាពរយៈពេល ៣ឆ្នាំ។

អ្នកផលិត និងអ្នកនាំចូល ក៏មានជម្រើសក្នុងការយកផលិតផលរបស់ខ្លួន ទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយខ្លួនឯង សម្រាប់ភ្ជាប់ជាមួយពាក្យស្នើសុំ ដោយមិនចាំបាច់ធ្វើតេស្តតាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជាឡើយ ។ សម្រាប់យុទ្ធនាការនេះ ក្រសួងបានចាត់វិទ្យាស្ថានស្តង់ដារកម្ពុជាឱ្យរៀបចំក្រុមការងារពិសេស ដើម្បីផ្តល់ប្រឹក្សា និងការណែនាំបច្ចេកទេសសម្រាប់វិស័យឯកជន ។

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកផលិត និងអ្នកនាំចូលទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវក្នុងប្រតិបត្តិការអាជីវកម្ម តាមរយៈការចុះបញ្ជីផលិតផល ហើយគុណតម្លៃទាំងនេះ គឺជាមូលដ្ឋានសំ ខាន់សម្រាប់ជោគជ័យរយៈពេលវែងរបស់អាជីវកម្ម និងការអភិវឌ្ឍជាតិ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអតិថិជនប្រើប្រាស់អំណាចទិញរបស់ខ្លួន ដើម្បីជំរុញឱ្យអ្នកផលិត និងអ្នកនាំចូលប្រកាន់គោលការណ៍ដូចគ្នា តាមរយៈការទិញ និងប្រើប្រាស់តែផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវ ។
កន្លងមក ក្រសួងឧស្សាហកម្ម បានផ្សព្វផ្សាយបញ្ជី ច.ប.ផ. នៅលើគេហទំព័ររបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអ្នកចែកចាយងាយស្រួលផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃផលិតផល ។

ឌីជីថលូបនីយកម្មនៃសេវាសាធារណៈរបស់ក្រសួង នឹងរួមបញ្ចូលប្រព័ន្ធចុះបញ្ជីផលិតផលអនឡាញពេញលេញក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយឯកសារតម្រូវ និងការជួបផ្ទាល់ ដែលនឹងធ្វើឱ្យដំណើរការស្នើសុំអាជ្ញបណ្ណ ច.ប.ផ. កាន់តែឆាប់រហ័ស មានតម្លាភាព និងកាត់បន្ថយការពឹងផ្អែកលើសេវាអ្នករត់ការ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វ៉េង លឹមហួត

ads banner