វៀតណាមគ្រោងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងប្រវែង ៦០០គីឡូម៉ែត្រត្រឹមឆ្នាំ ២០៤៥
ហាណូយ ៖ រដ្ឋធានីហាណូយ របស់ប្រទេសវៀតណាម មានគោលបំណងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងប្រវែង ៦០០គីឡូម៉ែត្រ និងដាក់ឱ្យដំណើរការផ្លូវរថភ្លើងក្នុងទីក្រុងចំនួន១៥ ដែលមានទូរថភ្លើងចំនួន ៤.១៦៥គ្រឿងនៅឆ្នាំ ២០៤៥ ជាមួយនឹងថវិកាចំណាយសរុបខ្ទង់ ៥០ពាន់លានដុល្លារ។ នេះបើតាមកាសែតវៀតណាម Kinh Te & Do Thi ចេញផ្សាយកាលពីថ្ងៃចន្ទ។
យោងតាមផែនការអភិវឌ្ឍន៍ផ្លូវរថភ្លើងរបស់រដ្ឋធានីហាណូយ បានឱ្យដឹងថា ប្រព័ន្ធផ្លូវរថភ្លើងក្រោមដីរបស់ទីក្រុងមួយនេះ ត្រូវបានគេរំពឹងថា នឹងបម្រើជាមធ្យោបាយធ្វើដំណើររបស់អ្នកដំណើរចន្លោះពី ២,២លានទៅ២,៦លាននាក់ក្នុងមួយថ្ងៃៗនៅត្រឹមឆ្នាំ ២០៣០។
លោក Nguyen Cao Minh ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងផ្លូវដែកទីក្រុងហាណូយ បាននិយាយថា អាទិភាពនឹងត្រូវបានផ្តល់ទៅឱ្យខ្សែរថភ្លើងក្រោមដីជាច្រើន ដែលតភ្ជាប់មជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗ មានដូចជាព្រលានយន្តហោះ ស្ថានីយ៍រថភ្លើងជាតិ និងតំបន់ក្នុងទីក្រុងដែលមានប្រជាជនរស់នៅច្រើន។
ដោយឡែក នៅឆ្នាំ២០៣៥ ប្រព័ន្ធផ្លូវរថភ្លើងក្រោមដីរបស់ទីក្រុងមួយនេះ ក៏ត្រូវបានគេព្យាករដែរថា នឹងអាចបម្រើសេវាកម្មដល់អ្នកដំណើរចាប់ពី ៣៥ទៅ៤០ភាគរយនៃបរិមាណអ្នកដំណើរទូទៅរបស់ទីក្រុងហាណូយ ដែលស្មើនឹងចន្លោះពី ៩,៧លានទៅ ១១,៨លាននាក់ក្នុងមួយថ្ងៃ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា