កម្ពស់ទឹកទន្លេខេត្តកំពង់ឆ្នាំងបានចាប់ផ្ដើមស្រកចុះបណ្ដើរៗ ខណៈដំណាំស្រូវជាងមួយពាន់ហិកតារងផលប៉ះពាល់

កំពង់ឆ្នាំង៖​ គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ទឹកទន្លេបានស្រកចុះប្រមាណ ០,៣៣ម៉ែត្រ ក្តីក៏បន្សល់នូវដំណាំ ស្រូវជាងមួយពាន់ហិកតាកំពុងរងការប៉ះពាល់ដោយទឹកជំនន់និងអាចប្រឈមខូចខាតដោយអន្លើៗ។ នេះបើតាម​ការ​បញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ។

លោកប្រធានមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា ឆ្នាំនេះកសិករធ្វើស្រូវបានជាង ១៤ ម៉ឺនហិកតា ក្នុងនោះដំណាំ ស្រូវជាង​មួយពាន់ហិកតា កំពុងរងការប៉ះពាល់ដោយទឹកជំនន់ ហើយអាចនឹងខូចខាតដោយអន្លើៗ។លោកបន្តថា មន្រ្តីជំនាញនឹងចុះពិនិត្យវាយតម្លៃនៅពេលខាងមុខនេះ។

តាមការបញ្ជាក់របស់មន្រ្តីកសិកម្ម ដំណាំស្រូវដែលកំពុងរងផលប៉ះពាល់នេះ គឺលើផ្ទៃដីដែលបានបង្កបង្កើនផល
និងប្រមូលផលម្ដងរួចហើយ ហើយពួកគាត់បានដាំជាថ្មីម្ដងទៀត ក៏ជួបនឹងទឹកជំនន់តែម្ដង ។

នៅខេត្តកំពង់ឆ្នាំងដដែល យោងតាមស្ថានីយជលសាស្ត្រទន្លេសាបផ្សារក្រោមរបស់មន្ទីរធនធានទឹកនិងឧតុនិយម បង្ហាញថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ទឹកមានកម្ពស់ ៩,៧៧ ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ​ទៅមិញទឹកមានកម្ពស់ ៨,៥១ ម៉ែត្រ គឺខ្ពស់ជាងឆ្នាំ២០២៤ ចំនួន ១,២៦ ម៉ែត្រ ។

សូមជម្រាបថា ឆ្នាំ២០២៥កម្ពស់ទឹកទន្លេផ្សារក្រោមបានឡើងដល់កម្ពស់១០,១០ម៉ែត្រ នៅថ្ងៃទី ១៧ និង១៨ ខែតុលា ហើយក៏បានចាប់ផ្ដើមស្រកចុះវិញមួយថ្ងៃបន្តិចៗ៕


ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner