អាមេរិក និងជប៉ុន ចុះកិច្ចព្រមព្រៀងរ៉ែកម្រ ក្រោយ ចិន រឹតបន្តឹងការនាំចេញទំនិញប្រភេទនេះ

តូក្យូ ៖ សហរដ្ឋអាមេរិក និងជប៉ុននៅថ្ងៃអង្គារនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផលិត និងការផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែកម្រ ក្នុងជំនួបរវាងលោកប្រធានាធិបតី Donald Trump ជាមួយនាយករដ្ឋមន្ត្រីថ្មី របស់ជប៉ុន លោកស្រី Sanae Takaichi ។

សេតវិមាននិយាយថា ភាគីទាំងពីរនឹងចូលរួមក្នុងគម្រោងរួមគ្នា និងធ្វើកិច្ចសហប្រតិបត្តិការតាមរយៈការប្រើប្រាស់គោលនយោបាយសេដ្ឋកិច្ច និងការសម្របសម្រួលការវិនិយោគ ដើម្បីពន្លឿនការអភិវឌ្ឍន៍ទីផ្សារចម្រុះសម្រាប់រ៉ែសំខាន់ៗ និងរ៉ែកម្រ ។

បើតាមសារព័ត៌មាន RT, កិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីប្រទេសចិនបានសម្រេចចិត្តរឹតបន្តឹងការនាំចេញរ៉ែសំខាន់ៗ និងរ៉ែកម្រទៅកាន់អាមេរិក ដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធគយ របស់ លោក Trump ។

បើទោះជាយ៉ាងនេះក្ដី អាមេរិកក៏បានងាកទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងរ៉ែ ជាមួយអ៊ុយក្រែនកាលពីដើមឆ្នាំនេះផងដែរ ។ អ្នកការទូត និងអ្នកនយោបាយអាមេរិកលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាទម្រង់នៃការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ ។

បន្ថែមលោក Trump ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងវិនិយោគរ៉ែកម្រ ជាមួយប្រទេសអូស្ត្រាលី កាលពីដើមខែនេះផងដែរ ក្នុងគោលបំណងប្រឆាំងនឹងការត្រួតត្រារបស់ប្រទេសចិន នៅក្នុងទីផ្សាររ៉ែកម្រ និងទីផ្សាររ៉ែសំខាន់ៗផ្សេងទៀត ។

ក្រៅពីកិច្ចព្រមព្រៀងស្ដីពីការផលិត និងការផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែកម្រ, អាមេរិក និងជប៉ុន ក៏បានចុះហត្ថលេខាលើឯកសារ ដែលណែនាំរដ្ឋាភិបាលទាំងពីរ ឲ្យចាត់វិធានការបន្ថែមទៀត សម្រាប់យុគសម័យមាសថ្មី នៃ សម្ព័ន្ធភាព អាមេរិក-ជប៉ុន ដែលកំពុងរីកចម្រើនឥតឈប់ឈរផងដែរ ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner