ប្រទេសអាហ្រ្វិកចំនួន ៤ ត្រូវបានដកចេញពីបញ្ជីប្រផេះនៃប្រទេសលាងលុយកខ្វក់ជាសាកល

បរទេស ៖ អង្គការឃ្លាំមើលឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ហៅកាត់ FATF បានដកប្រទេសទ្វីបអាហ្វ្រិកចំនួន ៤ ដូចជា ប្រទេសអាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា ម៉ូសំប៊ិក និងបួគីណាហ្វាសូ ចេញពី “បញ្ជីពណ៌ប្រផេះ” នៃបណ្តាប្រទេសលាងលុយកខ្វក់ជាសាកល ។

អង្គការដដែលបញ្ជាក់ថា មូលហេតុដែល FATF សម្រេចដកប្រទេសទាំង ៤ ចេញពី “បញ្ជីពណ៌ប្រផេះ” នេះ គឺដោយសារតែអង្គការរបស់ខ្លួនមើលឃើញពីភាពជោគជ័យ នៃវឌ្ឍនភាពវិជ្ជមាន ក្នុងការដោះស្រាយបញ្ហាលាងលុយកខ្វក់ ក្នុងរយៈពេល ដែលបានព្រមព្រៀងគ្នា ។

បើតាមសារព័ត៌មាន Al Jazeera, ក្រុមប្រទេសដែលស្ថិតក្នុង “បញ្ជីពណ៌ប្រផេះ” ត្រូវបានគេចាត់ជាប្រទេសដែល “កង្វះយុទ្ធសាស្ត្រ” នៅក្នុងការប្រឆាំង នឹងសកម្មភាពលាងលុយកខ្វក់ ។

ប្រធាន FATF លោកស្រី Elisa de Anda Madrazo និយាយថា ប្រទេសទាំង ៤ បានបង្កើតការសម្របសម្រួល កាន់តែប្រសើរឡើងតាមរយៈការចែករំលែកព័ត៌មានសម្ងាត់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់ភ្នាក់ងាងារដែលពាក់ព័ន្ធទាំងអស់ ។

ប្រទេសទាំងបួន ត្រូវបានដាក់ ក្នុងបញ្ជីនេះ ចន្លោះពី ឆ្នាំ ២០២១ និង ២០២៣ ។

ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Ahmed Tinubu និយាយថា ការដកឈ្មោះចេញពីបញ្ជីមួយនេះ គឺជា “ព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងដំណើររបស់ប្រទេសឆ្ពោះទៅរកកំណែទម្រង់សេដ្ឋកិច្ច សុចរិតភាពនៃស្ថាប័ន និងភាពជឿជាក់ជាសកល ។

ចំណែកមន្ត្រីអាហ្រ្វិកខាងត្បូងលើកឡើងថា ការដកចេញពីបញ្ជីពណ៌ប្រផេះ មិនមែនជាការបញ្ចប់នោះទេ ប៉ុន្តែ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការធ្វើដំណើររយៈពេលវែង ឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏ធន់ និងរឹងមាំ ។

ប្រទេសជាង ២០០ ជុំវិញពិភពលោក ក៏បានសន្យានឹងអនុវត្តតាមស្តង់ដាររបស់ FATF ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ រួមទាំងប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទាន និងសញ្វវុធដល់ភេរវករផងដែរ ៕

ប្រភពពី Al Jazeera ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner