អ៊ីស្រាអែលវាយប្រហារហ្គាហ្សាជាថ្មី ស្លាប់មនុស្ស៣០នាក់

ហ្គាហ្សា ៖ ក្រុមការពារជនស៊ីវិល នៅហ្គាហ្សា បានអះអាង នៅថ្ងៃពុធនេះថា អ៊ីស្រាអែលបានវាយប្រហារ លើតំបន់នេះជាថ្មី សម្លាប់មនុស្សយ៉ាងតិច ៣០នាក់ និង របួសរាប់សិបនាក់ ផ្សេងទៀត។

លោក Mahmud Basal អ្នកនាំពាក្យ ទីភ្នាក់ងារការពារជនស៊ីវិល បានប្រាប់កាសែត AFP ថា ក្រុមការងារកំពុងធ្វើការងារ ដើម្បីស្វែងរកអ្នកស្លាប់ និងរបួស បន្ថែមទៀត នៅពីក្រោមគំនរបាក់បែក។

អ៊ីស្រាអែលបានចាប់ផ្តើមធ្វើការវាយប្រហារ តាមអាកាស ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ តែ អ៊ីស្រាអែលអះអាងថា ជាការវាយប្រហារ បន្ទាប់ពីបានចោទប្រកាន់ក្រុមហាម៉ាស់ថា បានវាយប្រហារកងទ័ពរបស់ខ្លួន និងរំលោភលើបទឈប់បាញ់។

ការិយាល័យរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាឱ្យមាន “ការវាយប្រហារដ៏ខ្លាំងក្លា” លើតំបន់ Gaza ខណៈដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានចោទប្រកាន់ក្រុម Hamas ថា បានវាយប្រហារកងទ័ពអ៊ីស្រាអែល នៅតំបន់ Gaza ។

លោក Katz បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃនេះ លើទាហាន IDF ឬ កងកម្លាំងការពារអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា គឺជាការឆ្លងកាត់បន្ទាត់ពណ៌ក្រហមច្បាស់លាស់ ដែលទាមទារឲ្យ IDF នឹងឆ្លើយតប ដោយកម្លាំងដ៏អស្ចារ្យ»។

ទោះបីជាយ៉ាងណាក៏ដោយ អនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលទើបតែបានទៅដល់អ៊ីស្រាអែល បាននិយាយថា បទឈប់បាញ់កំពុងមានជាធរមាន ទោះបីជាមានការប៉ះទង្គិចគ្នា កាលពីថ្ងៃអង្គារក៏ដោយ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner