កូរ៉េខាងជើងតេស្តមីស៊ីលជាថ្មី មុន១ថ្ងៃលោកត្រាំទៅកូរ៉េខាងត្បូង

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីល មួយថ្ងៃមុនពេល ដែលលោក ត្រាំ ធ្វើទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងសមុទ្រ ពីសមុទ្រទៅលើដី ដោយចេញពីឆ្នេរសមុទ្រភាគខាងលិច របស់ខ្លួន កាលពីថ្ងៃអង្គារ ពោលគឺនៅមួយថ្ងៃ មុនពេល ប្រធានាធិបតីអាមេរិក លោកDonald Trump គ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយ នៅថ្ងៃពុធនេះ ថា មីស៊ីលទាំងនោះត្រូវបានបាញ់បង្ហោះបញ្ឈរ ពីសមុទ្រលឿង ហើយបានហោះអស់រយៈពេល ជាងពីរម៉ោង។

យោងតាម KCNA បានឱ្យដឹងថា មន្ត្រីយោធាកំពូល លោក Pak Jong Chon បានត្រួតពិនិត្យការសាកល្បងនេះ ហើយ បាននិយាយថា «ជោគជ័យសំខាន់ៗ” កំពុងត្រូវបានសម្រេច ក្នុងការអភិវឌ្ឍ កម្លាំងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដែលជាការរារាំងសង្គ្រាម»។

យ៉ាងណា ក៏មានការកត់សម្គាល់អំពីការអវត្តមាន របស់មេដឹកនាំ គីម ជុងអ៊ុន ដែលតែងមើលការខុសត្រូវ លើការបាញ់មីស៊ីលសំខាន់ៗ។ លោក ក៏មិនត្រូវបានគេ លើកឡើង ដោយKCNA ក្នុងការរាយការណ៍ អំពីការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ជាច្រើនគ្រាប់ កាលពីសប្តាហ៍ មុនដែរ។

លោក Trump បាននិយាយថា លោកនឹង “ចង់ជួប” លោក Kim នៅសប្តាហ៍នេះ ខណៈដែលលោកធ្វើទស្សនកិច្ចលើកដំបូង ទៅកាន់ឧបទ្វីបកូរ៉េ នៃអាណត្តិទីពីរ របស់លោក។ មេដឹកនាំទាំងពីរធ្លាប់បានជួបគ្នា ចុងក្រោយ ក្នុងឆ្នាំ២០១៩ នៅតំបន់គ្មានយោធា DMZ ។

យ៉ាងណា សម្រាប់បំណងជួបគ្នា ជាថ្មី កូរ៉េខាងជើងមិនទាន់ឆ្លើយតប ជាសាធារណៈ ចំពោះការអញ្ជើញនោះទេ៕

ប្រភពពី AFP ប្រែសម្រួល៖​ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner