ឯកឧត្តម ខូវ ឆាយ ចាត់ទុកមេដាយ ៣គ្រឿងប្រជែងបានពីកីឡាយុវជនអាស៊ីជាសមិទ្ធផលដ៏អស្ចារ្យ

(ភ្នំពេញ)៖ កីឡាករកីឡាការិនីប្រដាល់គុនខ្មែរដែលដណ្តើមបានមេដាយប្រាក់និងសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន បានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នាល្ងាចថ្ងៃទី២៨ ខែ តុលា ជាមួយ២ប្រភេទកីឡាទៀត គឺកីឡាអត្តពលកម្មនិងតេក្វាន់ដូWT ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអបរំ យុវជន និងកីឡា និងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងលើកឡើងថា ក្នុងនាមសហព័ន្ធប្រដាល់គុនខ្មែរ ពិតជាមានក្តីរំភើប និងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលមេដាយទាំង៣គ្រឿងដែលអត្តពលិកវ័យក្មេងនៃកីឡាប្រដាល់គុនខ្មែរដណ្តើមបានពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣យកមកជូនជាតិ។

ឯកឧត្តម បានចាត់ទុកមេដាយ៣គ្រឿង ប្រាក់២និងសំរឹទ្ធ១គ្រឿង ដែលអត្តពលិកគុនខ្មែរដណ្តើមបានពីកីឡាទ្វីបអាស៊ីនេះ គឺជាសមិទ្ធផលជោគជ័យដ៏ធំធេងមួយ ដ្បិតកម្ពុជាយើងបានចូលរួម២លើកកន្លងមក តែគុនខ្មែរទើបតែបង្ហាញខ្លួនលើកដំបូងព្រឹត្តិការណ៍លើកទី៣នេះ ថែមទាំងប្រជែងដណ្តើមបានមេដាយជូនជាតិ។

ឯកឧត្តម ថា សមិទ្ធផលមេដាយ៣គ្រឿងនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យជាកំណត់ត្រាថ្មីដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនីវ័យក្មេង ។

ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានយកបិទពិសោធន៍កីឡាយុវជនអាស៊ីលើកទី៣នេះ ជាយុទ្ធសាស្រ្តពង្រឹងត្រៀមខ្លួនសម្រាប់គ្រូបង្វឹក និងកីឡាករកីឡាការិនីគុនខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ីក្រោយៗទៀត។ ដ្បិតបទពិសោធន៍លើកទី៣នេះ គឺយើងមើលឃើញនូវចំណុចខ្វះខាតមួយចំនួនដែលយើងត្រូវតែកែលម្អ ដើម្បីយកឈ្នះពួកគាត់ក្នុងព្រឹត្តិការណ៍ប្រកួតនៅពេលអនាគ។

ទន្ទឹមជាមួយគ្នានេះ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរខាងលើ ក៏មានគម្រោងផ្តល់ជូននូវថវិកាលើកទឹកមួយចំនួនដល់អត្តពលិកទាំង៣រូបដែលដណ្តើមបានមេដាយបន្ថែមពីថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំយុវជននិងកីឡា និងសប្បុរសជន ដើម្បីលើកទឹកឱ្យពួកគាត់បន្តខិតខំប្រឹងប្រែងហ្វឹកហាត់ដុសខាតសមត្ថភាពក្លាយជាកីឡាករកីឡាការិនីគុនខ្មែរកាន់តែមានសក្កានុពល។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ដែលព្រះរាជណាចក្របារ៉ែន ទទួលធ្វើជាម្ចាស់ផ្ទះ ដែលមានប្រទេសចូលរួមចំនួន៤៥ប្រទេស កម្ពុជាបានបញ្ជួនប្រភេទកីឡាចូលរួមចំនួន១៤ ក្នុងនោះ កម្ពុជាទើបតែទទួលបានមេដាយ៤គ្រឿងនៅឡើយទេ ។ ហើយ មេដាយ៤គ្រឿងនោះ គឺកីឡាប្រដាល់គុនខ្មែរដណ្តើមបាន៣គ្រឿង ក្នុងនោះមេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ខណៈ១គ្រឿងទៀតដណ្តើមបានដោយកីឡាបញ្ចស៊ីឡាត់៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner