អបអរសាទរខួប ២១ឆ្នាំ នៃព្រះរាជពិធីយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រកម្ពុជា
(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ គឺជាព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (២៩ ខែតុលា ឆ្នាំ២០០៤ – ២៩ ខែតុលា ឆ្នាំ២០២៥) ។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ជាព្រះរាជបុត្រានៃព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា នរោត្តម សីហនុ និង សម្តេចព្រះវររាជមាតា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ។ ព្រះអង្គប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ។
កាលពីថ្ងៃទី២៩ តុលា ២០០៤ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ដែលមានសមាសភាព ៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្រ បន្តពីព្រះបិតា ដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការ ត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដែលបច្ចុប្បន្ននេះ មានរយៈពេល២១ឆ្នាំគត់ ។
ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ សុទ្ធតែបានថ្វាយព្រះពរដល់ព្រះមហាក្សត្រនាឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៨នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធី គ្រងព្រះបរមរាជសម្បត្តិគម្រប់ ២១ព្រះវស្សា ។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានខ្លឹមសារថា៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បាននិងកំពុងបំពេញព្រះរាជសកម្មភាពដ៏មហាមង្គលថ្លៃថ្លាគ្មានអ្វីផ្ទឹមពុំបាន មិនខ្លាចនឿយព្រះកាយពល បន្តព្រះរាជបូជនីយកិច្ចនៃ សម្តេចព្រះបរមរតនកោដ្ឋ និងគង់ជាម្លប់ដ៏ត្រជាក់ត្រជំថ្កើងថ្កាន ដើម្បីប្រជាជាតិ មានសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជា រាស្ត្ររួមរស់ជាមហាគ្រួសារតែមួយ ប្រកបដោយសុខដុមរមនា សុភមង្គល និងវិបុលភាព ក្រោមបាវនា ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស នាំមកនូវមោទនភាព និងកិត្យានុភាពជាតិកាន់តែខ្ពង់ខ្ពស់ថែមទៀត ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។
ជាមួយនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្វាយព្រះពរព្រះរាជពិធីខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ ៕
ដោយ ៖ វណ្ណលុក


