រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ សហគមន៍កសិកម្មទំនើប នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពុកម៉ែបងប្អូនប្រជាកសិករយើង
(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពុកម៉ែបងប្អូនប្រជាកសិករយើង ជាពិសេសការជួយកាត់បន្ថយថ្លៃដើមតាមការប្រមូលទិញដុំ ការធានាទីផ្សារនិងតម្លៃតាមរយៈការចុះកិច្ចសន្យាលក់ទុកមុន និងជួយសម្រួលដល់ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជាក់ស្ដែងនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានទទួលការអភិវឌ្ឍន៍រួមតាមរយៈយន្តការត្រី-វិស័យ (កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ)។
ការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង និងពិនិត្យវឌ្ឍនភាពនៃការរៀបចំអនុវត្តផែនការធ្វើពិពិធកម្មបង្វែរចេញពីដំឡូងមី ទៅរកផលិតកម្មម្ទេស បន្លែស្លឹក និងមាន់ស្រែ ដែលនឹងជួយលើកស្ទួយជីវភាព និងផ្តល់ប្រភពចំណូលចម្រុះជូនពុកម៉ែបងប្អូនជាសមាជិក ជាពិសេសអតីតយុទ្ធជន នៅខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងកសិកម្មនឹងបន្តជួយជ្រោមជែងប្រជាកសិករតាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យទទួលបានផលប្រយោជន៍ជាច្រើនថែមទៀត និងលើកកម្ពស់ជីវភាពរស់នៅរបស់ពុកម៉ែបងប្អូន៕
ប្រភព ៖ ក្រសួងកសិកម្ម






