សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរខួបលើកទី៨ នៃការដាក់បញ្ចូល រឿង ​អ៊ីណាវ បុស្សិបា ក្នុងអង្គការយូណេស្កូ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូល រឿង​អ៊ីណាវ បុស្សិបា ក្នុងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោករបស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នាព្រឹកថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ២០១៧ – ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។

សម្ដេចធិបតី បានបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។

គួរបញ្ជាក់ថា រឿងអ៊ីណាវ ឬ រឿងអ៊ីណាវបុស្សិបា ជារឿងមួយ ដែលព្រះមហាក្សត្រខ្មែរ សព្វព្រះរាជហឫទ័យខ្លាំងណាស់ ជាពិសេសរវាងអំឡុងឆ្នាំ១៩០០ដល់ឆ្នាំ១៩៤០ ។ នាសម័យបច្ចុប្បន្ន គេពុំសូវឃើញមានសម្តែងរឿងនេះឡើយ ។ រឿងអ៊ីណាវ ត្រូវបានគេសម្រួលទៅជាច្រើនទម្រង់សិល្បៈ មានដូចជា ល្ខោនបាសាក់ របាំព្រះរាជទ្រព្យ (អ៊ីណាវ៖ យ៉ារ៉ាន់ដេញក្ងោក ផលិត ដោយ សំ សំអាង ក្នុងឆ្នាំ២០០២) និងភាពយន្ត (អ៊ីណាវបុស្សិបា ដឹកនាំរឿងដោយ អ៊ីវង់ ហែម ក្នុងឆ្នាំ១៩៦៨ មានគង់ សំអឿន និង សោម វ៉ាន់សូដានី ជាតួសម្តែង) ។

រឿងអ៊ីណាវ សឹងតែបាត់ពីប្រទេសកម្ពុជា ។ រឿងអ៊ីណាវ ដែលនៅមាននោះ គឺ យោងទៅតាមការចងចាំរបស់អ្នកសម្តែង ដែលបានរស់រានមានជីវិតម្នាក់ ដែលដើរតួ យ៉ារ៉ាន់ ពីមុនមក គឺ យ៉ារ៉ាន់ដេញក្ងោក ។ ក្នុងឆ្នាំ២០១០ ព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ជាមួយនឹងនាដករនាដការី និងសាស្រ្តាចារ្យរបាំ បានសាកល្បងបង្កើត ឡើងវិញនូវរឿងអ៊ីណាវ ដើម្បីសម្តែងក្នុងព្រះរាជពិធីចម្រើនព្រះជន្មសម្តេចតា នរោត្តម សីហនុ ។

បន្ទាប់ពីសម័យខ្មែរក្រហមប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) មក ការខិតខំប្រឹងប្រែងត្រូវបានធ្វើឡើង ដើម្បីអភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយពីសិល្បៈ ទស្សនីយភាពនិងការសម្តែងរបស់ខ្មែរ។ រឿងអ៊ីណាវ ត្រូវបានគេស្គាល់តិចជាងគេ ក្នុងចំណោមរឿងឯទៀតៗ ដោយរឿងនេះ ត្រូវបានគេរៀបចំឡើងតែមួយដងមួយកាល ក្នុងទម្រង់សិល្បៈខ្មែរតែប៉ុណ្ណោះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner