រុស្ស៊ីធ្វើតេស្តមីស៊ីលផ្លោងនុយក្លេអ៊ែរថ្មី ខណៈមេដឹកនាំអាមេរិក-ចិនជួបគ្នានៅកូរ៉េខាងត្បូង
មូស្គូ ៖ រុស្ស៊ីប្រកាសបាញ់សាកល្បងមីស៊ីលផ្លោងនុយក្លេអ៊ែរដ៏ទំនើប Poseidon ដំណើរការដោយថាមពលនុយក្លេអ៊ែរ និងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានដោយជោគជ័យ ខណៈដែលមេដឹកនាំអាមេរិក-ចិនកំពុងជួបចរចាគ្នានៅកូរ៉េខាងត្បូង សំដៅបន្ធូរបន្ថយភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ។
លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានប្រាប់ទាហានរុស្ស៉ីដែលរងរបួសនៅមន្ទីរពេទ្យមួយក្នុងទីក្រុងមូស្គូ កាលពីថ្ងៃពុធថា នេះជាលើកដំបូងហើយ ដែលយើងមិនត្រឹមតែបាញ់វាចេញពីនាវាមុជទឹកប៉ុណ្ណោះទេ តែថែមទាំងបើកដំណើរការប្រព័ន្ធថាមពលនុយក្លេអ៊ែររបស់វាបានផង។
លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា វាគឺជាជោគជ័យដ៏ធំធេងមួយ ហើយឥទិ្ធពលរបស់មីស៊ីល Poseidon ខ្លាំងក្លាលើសពីមីស៊ីលអន្តរទ្វីប Sarmat ដែលមានសក្តានុពលបំផុតរបស់យើងទៅទៀត។
ការប្រកាសពីការធ្វើតេស្តមីស៊ីលដ៏ទំនើបនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ពូទីន បានបាញ់មីស៊ីលនុយក្លេអ៊ែរដ៏កំណាចមួយទៀតកាលពីសប្តាហ៍មុន។ ការអភិវឌ្ឍសព្វាវុធប្រល័យលោកទាំងនេះ ត្រូវបានគេមើលឃើញថា គឺជាការឆ្លើយតបទៅនឹងការបង្កើតខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិក Golden Dome និងការពង្រីកខ្លួនរបស់អង្គការណាតូ។
ជាមួយគ្នានេះ អ្នកវិភាគផ្នែកយោធាជឿជាក់ថា សមត្ថភាពរបស់មីស៊ីលផ្លោងនុយក្លេអ៊ែរថ្មី Poseidon របស់រុស្ស៊ី អាចបង្កឲ្យមានរលកវិទ្យុសកម្មនៅមហាសមុទ្រ ដែលធ្វើឲ្យបណ្ដាទីក្រុងនៅតាមបណ្ដោយឆ្នេរមិនមានសុវត្ថិភាពអាចរស់នៅបាន៕
ប្រភព ៖ AFP និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា


