ជប៉ុនប្រឆាំងអាមេរិកមិនព្រមឈប់ទិញឧស្ម័នធម្មជាតិរាវពីរុស្ស៊ី
តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថា ជប៉ុននឹងបន្តនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីរុស្ស៊ីដដែល ទោះបីជាអាមេរិកដាក់សម្ពាធបង្ខំឱ្យទីក្រុងតូក្យូឈប់ទិញក៏ដោយ។ នេះបើតាមនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណេ តាកៃឈី ប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ។
លោកប្រធានាធិបតី ត្រាំ ដែលបានទៅបំពេញទស្សនកិច្ចនៅជប៉ុន បានជំរុញជាថ្មីឱ្យទីក្រុងតូក្យូឈប់នាំចូលទំនិញថាមពលពីរុស្ស៊ី មានដូចជាប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ប៉ុន្តែលោកស្រី តាកៃឈី បានពន្យល់ប្រាប់វិញថា ជប៉ុនត្រូវការថាមពលជាចាំបាច់។
យោងតាមសារព័ត៌មាន Nikkei, រុស្ស៊ីបានផ្គត់ផ្គង់ដល់ទៅ ៩ភាគរយនៃការនាំចូលឧស្ម័នធម្មជាតិរាវសរុបរបស់ជប៉ុន ដូច្នេះហើយ លោកស្រីនាយករដ្ឋមន្រ្តី តាកៃឈី បានអះអាងថា ការបិទខ្ទប់ការនាំចូលថាមពលពីរុស្ស៊ីនឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជប៉ុន ហើយវាជារឿងមិនអាចទៅរួច។
ក្រៅពីបញ្ចុះបញ្ចូលជប៉ុន រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានជំរុញឱ្យតួកគី និងសហភាពអឺរ៉ុបឈប់ទិញប្រេង និងឧស្ម័នធម្មជាតិរាវពីរុស្ស៊ីផងដែរ។ អឺរ៉ុបបានឯកភាពថា នឹងឈប់នាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីរុស្ស៊ី ជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មជុំទី១៩ក្នុងខែនេះ ហើយរាល់កិច្ចសន្យាថាមពលពីមុនៗរវាងភាគីទាំងពីរ នឹងបញ្ចប់ទាំងស្រុងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៨៕



ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា