លោក ត្រាំ ថា មានជំនួបដ៏អស្ចារ្យជាមួយលោក ស៊ី
សេអ៊ូល ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសចាត់ទុក កិច្ចប្រជុំជាមួយលោក ស៊ី ជីនភីង មេដឹកនាំចិន នៅថ្ងៃព្រហស្បតិ៍នេះ ថា ជាជំនួបដ៏អស្ចារ្យ។
ទីភ្នាក់ងារព័ត៌មាន CNA បានចេញផ្សាយថា នេះគឺជាកិច្ចពិភាក្សាទល់មុខ រវាងមេដឹកនាំទាំងពីរ ជាលើកទីមួយ ចាប់តាំងពីឆ្នាំ២០១៩។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One ភ្លាមៗ បន្ទាប់ពីចាកចេញពីទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង លោក Trump បានអះអាងថា លោកបានយល់ព្រម កាត់បន្ថយពន្ធលើប្រទេសចិន ពី ៥៧ មកត្រឹម ៤៧ភាគរយ ជាថ្នូរនឹងការដែលទីក្រុងប៉េកាំងបន្តការទិញសណ្តែកសៀង របស់សហរដ្ឋអាមេរិក ។
លោកត្រាំ បានបន្តថា ប្រទេសចិនក៏បានយល់ព្រម រក្សាការនាំចេញរ៉ែកម្រ ទៅកាន់ពិភពលោក ដែលជាផ្នែកនៃកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំ ដោយលោកអះអាងថា បញ្ហាទំនិញដ៏ចាំបាច់នេះ ត្រូវបានដោះស្រាយ ចប់ជាស្ថាពរ ហើយនោះជា ដំណោះស្រាយសម្រាប់ពិភពលោកទាំងមូល ខណៈដែលគេដឹងថា ចិនគឺជាប្រទេសនាំចេញរ៉ែកម្រធំជាងគេ លើលោក។
ជារួម លោក Trump បាននិយាយថា ការសម្រេចចិត្តជាច្រើន ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលរបស់ជាមួយលោក Xi Jinping ដែលបានធ្វើឡើង នៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC ដោយពណ៌នាថា ជា “កិច្ចប្រជុំដ៏អស្ចារ្យ” ។ លោក Trump បានសរសើរលោក Xi ថា ជា មេដឹកនាំដ៏អស្ចារ្យនៃប្រទេសដ៏មានឥទ្ធិពលមួយ។
លោក Trump បាននិយាយថា លោកនឹងធ្វើដំណើរទៅប្រទេសចិន ក្នុងខែមេសា សម្រាប់ការចរចាថ្មី។
យ៉ាងណា ប្រទេសចិនមិនទាន់បានធ្វើអត្ថាធិប្បាយ អំពីអ្វីដែលបានព្រមព្រៀង ដោយមេដឹកនាំទាំងពីរ នៅក្នុងកិច្ចពិភាក្សា ដែលបានដំណើរការ អស់រយៈពេល ជិតពីរម៉ោង នោះទេ។
តែបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយប្រាប់ លោក ត្រាំ ថា ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាស៊ីជម្រៅ និង ឈានដល់ការឯកភាពគ្នា លើដំណោះស្រាយចំពោះបញ្ហានានា។
លោក Xi បានអំពាវនាវឱ្យភាគីទាំងពីរ ផ្តោតលើផលប្រយោជន៍ រយៈពេលវែង ដែលនាំមក ដោយកិច្ចសហប្រតិបត្តិការ ជាជាងការធ្លាក់ចូលទៅក្នុងវដ្ត នៃការសងសឹកដ៏កាចសាហាវ។ លោកក៏បានអំពាវនាវឱ្យក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃភាគីទាំងពីរ ត្រូវបង្រួមបញ្ហា ជាបន្តបន្ទាប់ បន្ថែមទៀត ហើយពង្រីកកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើគោលការណ៍សមភាព ការគោរព និងផលប្រយោជន៍ ទៅវិញទៅមក៕
ប្រភពពី CNA , Xinhua ប្រែសម្រួល៖ សារ៉ាត