អង់គ្លេស និងវៀតណាមចុះកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់

ហាណូយ ៖ ចក្រភពអង់គ្លេស និងវៀតណាម កាលពីថ្ងៃពុធ បានឈានដល់កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។

ទីភ្នាក់ងារព័ត៌មាន រយធឺ បានចេញផ្សាយថា ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង ក្នុងពេលដែលលោក តូ ឡាំ មេដឹកនាំវៀតណាម បំពេញទស្សនកិច្ច នៅទីក្រុងឡុងដ៍។

អង់គ្លេស ចាត់ទុក កិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម លើការធ្វើចំណាកស្រុកខុសច្បាប់ ថា ជាកិច្ចការងារដ៏ធំបំផុត មិនធ្លាប់មាន ធៀបនឹងការព្រមព្រៀង ជាមួយនឹងប្រទេសផ្សេងទៀត។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចំនួននៃការមកដល់ ដោយខុសច្បាប់ ពីប្រទេសវៀតណាម ត្រូវបានកាត់បន្ថយពាក់កណ្តាល រួចទៅហើយ ប៉ុន្តែ អាចនឹងពន្លឿនបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងនេះ»។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀង ថ្ងៃនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអាចបញ្ចៀស ពីការរិះគន់។

យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ជនជាតិវៀតណាម មានចំនួនច្រើនបំផុត ក្នុងចំណោមជនចំណាកស្រុកបរទេស ដែលទៅដល់ចក្រភពអង់គ្លេស តាមរយៈ ទូកតូចៗ ចាកចេញពីទ្វីបអឺរ៉ុប ក្នុងរយៈពេល៦ខែ ដំបូង នៃឆ្នាំ ២០២៤ ដែលស្មើនឹង ១៧% នៃការមកដល់ របស់ជនចំណាកទាំងអស់។

យោងតាមទិន្នន័យចុងក្រោយ របស់រដ្ឋាភិបាលអង់គ្លេស ការមកដល់តាមរយៈការជិះទូក តូចៗ មានចំនួន ៤៣,០០០នាក់ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៥ ៕

ប្រភពពី រយធឺ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner