រាជរដ្ឋាភិបាលនឹងពង្រាយស្ថានីយសាកអាគុយយានយន្តអគ្គិសនីល្បឿនលឿនទូទាំងប្រទេស ដែលសាក ៣០នាទីអាចប្រើបាន៣ទៅ ៤រយគីឡូម៉ែត្រ
(ភ្នំពេញ)៖ ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា អាជ្ញាធរអគ្គិសនី នឹងទម្លាក់កញ្ចប់ថវិការទ្រង់ទ្រាយធំ ដើម្បីដាក់ពង្រាយស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនតាមបណ្ដោយដងផ្លូវជាតិសំខាន់ៗទូទាំងប្រទេសកម្ពុជា ដែលមានសមត្ថភាពបញ្ជូលថាមពលយានយន្តរយៈពេលត្រឹម ៣០នាទីអាចបើកបរបានពី៣រយទៅ ៤រយគីឡូម៉ែត្រ។ ទន្ទឹមនេះ កម្ពុជានឹងទម្លាក់តម្លៃបញ្ចូលថាមពលមកទាបជាមុន ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី កាត់បន្ថយការប្រើប្រាស់យានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈជះផលប៉ះពាល់បរិស្ថានខ្ពស់ ។ នេះបើតាមការឱ្យដឹងដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំបៃតង និង ចីរភាពសកលឆ្នាំ២០២៥ ។
ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ អាជ្ញាធរអគ្គិសនីកម្ពុជា តាមការចង្អុលទិសរបស់ក្រសួងរ៉ែ និងថាមពល និងរាជរដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិការទ្រង់ទ្រាយធំ ដើម្បីធានាថាទូទាំងប្រទេសរបស់យើង តាមផ្លូវសំខាន់ៗ គឺមានស្ថានីយ៍សាកអាគុយរថយន្ត អាគុយម៉ូតូ ដែលមានល្បឿនលឿន ព្រោះឥឡូវយើងសាកតាមផ្ទះ៦ ទៅ៧ម៉ោងទើបពេញ តែបើសិនថ្ងៃក្រោយយើងទៅផឹកកាហ្វេតាមផ្លូវជាតិ យើងសាកតែ ២០នាទី ទៅកន្លះម៉ោង យើងអាចរត់បាន៣ ទៅ ៤រយគីឡូម៉ែត្រ។
រដ្ឋមន្ត្រី កែវ រតនៈ ពន្យល់ថា មូលហេតុដែលរដ្ឋសម្រេចដាក់ពង្រាយស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនបែបនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈដែលមានកម្រិតបំពុលបរិស្ថានខ្ពស់ជាងយានយន្តអគ្គិសនី។ លោកបន្ថែមថា ការសម្រេបបែបនេះ គឺរដ្ឋាភិបាលកម្ពុជាគិតគូរអំពីការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាឱ្យចំណាយប្រាក់លើការប្រើប្រាស់យានយន្តតិចជាងមុន ព្រោះផ្អែកតាមការសិក្សាស្រាវជ្រាវ គឺការប្រើប្រាស់យានយន្តអគ្គិសនី គឺចំណាយតិចជាង ហើយចំណេញបាន៥ដង នៃការប្រើប្រាស់យានយន្តដែលចាក់ប្រេងឥន្ធនៈ ដោយសារតែរថយន្តអគ្គិសនីចំំណាយលើការបញ្ចូលថាមពល ការជួសជុលតិចជាងរថយន្តដែលចាក់ប្រេងឥន្ធនៈ។ ម្យ៉ាងទៀត រដ្ឋមន្ត្រីរ៉ែ និងថាមពល ថា ការសម្រេចបែបនេះ គឺគិតគូរដល់ការចូលរួមថែរក្សាបរិស្ថានទាំងក្នុងក្របខណ្ឌក្នុងប្រទេសកម្ពុជា និងពិភពលោកជារួមតែម្ដង។
ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា ផែនការរបស់ក្រសួងរ៉ែ និងថាមពល គឺត្រូវទម្លាក់ថ្លៃសាករថយន្ត ដើម្បីកុំឱ្យថ្លៃដូចបច្ចុប្បន្ន ១៦០០រៀល,១៧០០រៀល ឬក៏ ២០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ឱ្យមកនៅក្រោមហ្នឹង។ ការពង្រាយប្រព័ន្ធនេះឱ្យកាន់តែច្រើន ដើម្បីឱ្យបងប្អូនយើងធ្វើដំណើរទៅណាក៏អត់ខ្លាចថាគ្មានកន្លែងសាកអាគុយយានយន្តដែរ។ ដូច្នេះពេលវេលាខាងមុុខ យើងនឹងបានផល គឺយកអគ្គិសនីបៃតងរបស់យើងទៅឱ្យផលក្នុងវិស័យដឹកជញ្ជូន។
សូមរម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីចុងខែមេសា ឆ្នាំ២០២៥ បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល គិតគូរពីការដាក់ពង្រាយបន្ថែមទៀត នូវស្ថានីយសាកថ្មរថយន្តអគ្គិសនី ប៉ុន្តែត្រូវធានាឱ្យបាន នូវស្តង់ដារគុណភាព និងសុវត្ថិភាព។ ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២ ២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%(ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។ នេះបើតាមការឱ្យដឹងដោយអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន៕






ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា