កម្ពុជា ជាប្រទេសបំពុលឧស្ម័នលើផែនដីតិចបំផុត និងជាប្រទេសទី២ ក្នុងតំបន់អាស៊ាន

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី កែវ រតនៈ មានប្រសាសន៍លើកឡើងថា កម្ពុជា ជាប្រទេសដែលបំពុលឧស្ម័នលើផែនដីតិចបំផុត ពីព្រោះកម្ពុជា មិនមានប្រភេទឧស្សាហកម្មធន់ធ្ងន់នោះទេ ខណៈកម្ពុជា ជាប្រទេសទី២ នៅក្នុងតំបន់អាស៊ាន ដែលបានបញ្ចូលថាមពលស្អាតរហូត៦២ភាគរយ នៅក្នុងបណ្តាញជាតិ។

ប្រសាសន៍ ឯកត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានបញ្ចប់ថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣៖ ពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញ។

រដ្ឋមន្ត្រី កែវ រតនៈ បញ្ជាក់ថា ៖ «កម្ពុជា ជាប្រទេសដែលមានការបំពុលឧស្ម័នលើផែនដីតិចបំផុត ដោយសារតែយើងអត់មានឧស្សាហកម្មធន់ធ្ងន់ណាមួយដែលបំផ្លាញដល់បរិស្ថាន អាកាសនោះទេ។ ហេតុដូចនេះ បងប្អូនប្រជាពលរដ្ឋអាចសង្កេតឃើញថាជារៀងរាល់ឆ្នាំនៅពេលប្រទេសនៅលើពិភពលោក ខ្ញុំមិននិយាយចំប្រទេសណានោះទេ តែមានផ្សែងពុលក្នុងក្រុងផ្អាកសាលារៀនជាដើមតែកម្ពុជា មិនដែលជួបប្រទះបញ្ហានេះទេ»។

រដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ នៅកម្ពុជា បើនិយាយពីអានុភាពតម្លើងថាមពលនៅក្នុងបណ្តាញជាតិ ថាមពលរបស់យើង គឺមាន៦២ភាគរយ ជាថាមពលស្អាត។ មានន័យថា ថាមពលអគ្គិសនី ថាមពលជីវម៉ាស់ និងថាមពលពន្លឺព្រះអាទិត្យ ដែលកំពុងចូលរួមបង្កើតឱ្យមានអត្រាខ្ពស់ គឺរហូតដល់ ៦២ភាគរយ នៃបណ្តាញជាតិ។

ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា ៦២ភាគរយនេះ គឺមានតែប្រទេសឡាវតែមួយគត់ នៅក្នុងតំបន់អាស៊ាន ដែលលើសយើង ប៉ុន្តែ បើគិតជាមួយប្រទេសជិតខាងយើង គឺប្រទេសដទៃទៀតបានបញ្ច្រាសទិសយើង។ គេ៦០ ទៅ៧០ភាគរយ នៃថាមពលអគ្គិសនី កើតចេញពីផូស៉ីស ធ្យូងថ្ម និងប្រើថាមពលដើរដោយឧស្ម័នច្រើនជាដើម ដូចនេះ នៅកម្ពុជា អាចចាត់ទុកថាជាប្រទេសជាប់លំដាប់ទី២ ទៅហើយ»។

ឯកឧត្តម រដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា ចំពោះការប្រើប្រាស់ថាមពលស្អាត ៦២ភាគរយ នៅក្នុងបណ្តាញជាតិរបស់កម្ពុជា បើប្រៀបធៀបក្នុងផែនការរបស់អាស៊ាន គឺកម្ពុជា បានលើសពីផែនការរបស់អាស៊ាន ៣០ភាគរយរួចទៅហើយ។ ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីថាមពល អាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី ថ្មីៗនេះ គឺរដ្ឋមន្ត្រីបណ្តាសមាជិកអាស៊ានទាំងអស់ បានដាក់គោលការណ៍ថា «ត្រូវនាំអាស៊ាន ឱ្យបានទៅដល់ប្រហាក់ប្រហែល ៤០ភាគរយ នៃថាមពលស្អាត នៅក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៣៥»៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner