ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ប្រជុំពិនិត្យលើសំណើគម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០លានដុល្លារ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការ វិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ២ សម្រាប់គម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ៤០០ លានដុល្លារអាមេរិក និង អាចបង្កើតការងារបានប្រមាណ ៨០០កន្លែង ។

គម្រោងទាំងនេះ រួមមាន៖ គម្រោងចំនួន ៤ នៅខេត្តក្រចេះ, ១ នៅខេត្តស្ទឹងត្រែង, ៤ នៅខេត្តរតនគិរី និង ២ នៅខេត្តមណ្ឌលគិរី ដែលគ្របដណ្តប់លើវិស័យ និង សកម្មភាពចម្រុះ មានជាអាទិ៍ សកម្មភាពផលិតកម្មនិង ការកែច្នៃកសិកម្ម, ការដាំដុះ និង ការកែច្នៃដំណាំកសិ-ឧស្សាហកម្ម, ការសាងសង់សណ្ឋាគារ-រីសត, ការបង្កើតគ្រឹះស្ថានអប់រំ, ថែទាំសុខភាពឯកជន និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្នុងនោះគម្រោងសាងសង់កំពង់ផែពហុបំណង និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងអាជីវកម្មពាក់ព័ន្ធ ក្នុងខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៣៥០ លានដុល្លារអាមេរិក ។ កំពង់ផែពហុបំណងនេះ នឹងក្លាយជាកំពង់ផែពហុបំណងដំបូងរបស់ខេត្តផង និង សម្រាប់ភូមិភាគឦសានផង, ដែលនឹងដើរតួនាទីសំខាន់ក្នុងការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និង ប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលឡូជីស្ទីក សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និង ឧស្សាហកម្ម ក៏ដូចជាការតភ្ជាប់ជាមួយនឹងប្រព័ន្ធឡូជីស្ទីកនៃព្រែកជីកហ្វូណនតេជោ នាពេលអនាគត ។

បន្ថែមលើភាពចម្រុះនៃវិស័យវិនិយោគ, ភូមិភាគឦសាន ក៏ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនចម្រុះជាតិសាសន៍ផងដែរ, ជាក់ស្តែង សម្រាប់សំណើលើកនេះ ក្រុមការងារបានទទួលសំណើពីវិនិយោគិនចិន ជប៉ុន វៀតណាម ក៏ដូចជាវិនិយោគិនក្នុងស្រុក ដែលមានទាំងវិនិយោគិនថ្មី និង វិនិយោគិនដែលមានស្រាប់ក្នុងតំបន់ ដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកវិសាលភាព នៃសកម្មភាពវិនិយោគរបស់ខ្លួន បន្ទាប់ពីបានជ្រួតជ្រាបអំពីអត្ថប្រយោជន៍ពិសេស នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់លើអភិក្រមបុរេសកម្មរបស់ ក.វ.ឦសាន រួមទាំងអនុគណៈកម្មធិការវិនិយោគខេត្ត និង ស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាននៃបណ្តាខេត្តទាំងបួន ដែលមានភារកិច្ចសំខាន់ ក្នុងការផ្សព្វផ្សាយអត្ថប្រយោជន៍ពិសេស របស់កម្មវិធីពិសេសនេះ ឱ្យបានទូលំទូលាយ និង ជួយផ្តល់ការគាំទ្រ ការប្រឹក្សាយោបល់ និង ការសម្រួលនីតិវិធីជាអតិបរមា ប្រយោជន៍ដើម្បីបង្កើតបរិយាកាសកក់ក្តៅ ភាពទាក់ទាញនៃវិនិយោគ និង ការចូលរួមក្នុងបេសកកម្មរួម ក្នុងការជំរុញ និង ថែទាំវិនិយោគនៅភូមិភាគឦសាន ។

ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ និង អនុគណៈកម្មាធិការ វិនិយោគខេត្ត ត្រូវចុះទៅកាន់ទីតាំងវិនិយោគជាប្រចាំ ទោះបីជាមាន ឬ មិនមានសំណើគម្រោងវិនិយោគក្តី ដើម្បីជួបជាមួយវិនិយោគិន, ស្តាប់អំពីកង្វល់/បញ្ហាប្រឈម, និង ស្វែងរកដំណោះស្រាយសមស្របសម្រាប់វិនិយោគិន ដូចអ្វីដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានក្រើនរំលឹកអំពីតួនាទីជា “អ្នកដោះស្រាយបញ្ហា” មិនមែនជា “អ្នកបង្កបញ្ហា” ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង ការគាំទ្រសកម្ម ដល់ក.វ.ឦសាន ក្នុងការបំពេញតួនាទីជា “ច្រកចេញចូលតែមួយ” ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ក្នុងស្មារតី “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីផ្តល់ដំណោះស្រាយជាកញ្ចប់ ដល់វិនិយោគិន និង ធានាឱ្យបានថា ក.វ.ឦសាន គឺជាដៃគូពិតប្រាកដរបស់វិស័យឯកជន ក្នុងការជំរុញការវិនិយោគក្នុងភូមិភាគឦសាន ។

ដោយឡែក, នៅពេលដែលទទួលបានការលើកទឹកចិត្តពិសេសទាំងនេះ, វិនិយោគិនឯកជន ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ ។
គួរបញ្ជាក់ជូនផងដែរថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។

តាមរយៈនេះ, រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ជាយន្តការ “ច្រកចេញចូលតែមួយ” ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព។

គិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ក.វ.ឦសាន បានទទួលសំណើគម្រោងវិនិយោគចំនួន ២១ គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner