Xavi ប្រកាស់ព្យួរស្បែកជើងពីវាលស្មៅបាល់ទាត់ នាបញ្ចប់រដូវកាលនេះហើយ
វីរបុរសជម្រើសជាតិអេស្ប៉ាញ និងក្លិប FC Barcelona កីឡាករ Xavi បានប្រកាសអំពីគម្រោងចូលនិវត្តន៍ពីវាលស្មៅបាល់ទាត់ នាពេលបញ្ចប់រដូវកាលនេះ នៅប្រទេសកាតា។ កីឡាករវ័យ៣៩ឆ្នាំ និងបច្ចុប្បន្នកំពុងលេងឲ្យក្លិបលីគកំពូលកាតា Al Sadd បានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា នៅសល់ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ខ្ញុំនឹងបញ្ចប់អាជីពជាកីឡាករ ដែលមិនអាចបំភ្លេចបាន។

ខ្ញុំបានចំណាយពេល២១ឆ្នាំ ហើយបាល់ទាត់ បានធ្វើឲ្យខ្ញុំក្លាយជាជ្រុងមួយ នៃពិភពលោក។ វាកាន់តែអស្ចារ្យ ដែលអាចបញ្ចប់អាជីពនៅទីនេះ (កាតា)។ គឺជាការបញ្ចប់អាជីពដោយបានឈ្នះពានលីគកំពូលកាតា (Qatar Stars League) នៅខែនេះ ហើយវាជាការចងចាំមួយមិនអាចបំភ្លេចបាន ក្នុងនាមជាអ្នកកីឡាមួយរូប។

គួររំលឹកថា Xavi ត្រូវបានចាត់ទុកជាវីរបុរសក្លិបយក្សអេស្ប៉ាញ FC Barcelona ក្រោយដំឡើងពីឈុតយុវជន នៅទឹកដី Camp Nou ១៧រដូវកាល បានបង្ហាញខ្លួនសរុប៧៦៧លើក និងរកបាន៨៥គ្រាប់។ នៅរដូវកាល២០១៥-២០១៦ រូបគាត់បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្របាល់ទាត់ ដោយបានចាកចេញពីអេស្ប៉ាញ មកចូលរួមជាមួយក្លិប Al Sadd នៅលីគកំពូលកាតា៕ធ.ដ
