ក្រសួងការពារជាតិបង្ហាញពីលទ្ធផលកិច្ចប្រជុំ RBCរវាងកងទ័ពកម្ពុជានិងថៃស្តីពីការកែសម្រួលអាវុធ និងយុទ្ធោបករណ៍ បំផ្លិចបំផ្លាញធុនធ្ងន់ ចេញពីតំបន់ព្រំដែន
(ភ្នំពេញ)៖ ក្រសួងការពារជាតិបានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ការកែ សម្រួលអាវុធនិងយុទ្ធោបករណ៍ បំផ្លិចបំផ្លាញធុនធ្ងន់ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង យោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែន អន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ របស់កម្ពុជា។

ប្រភពខាងលើនេះបានបញ្ជាក់ថាកិច្ចប្រជុំនេះត្រូវបានដឹកនាំសហប្រធានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះត្រូវបាន ចូលរួមសង្កេតការណ៍ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសថៃ។

ក្រសួងការពារជាតិបានឱ្យដឹងដែរថាកិច្ចប្រជុំនេះត្រូវបានរៀបចំឡើង តាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការ ព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងតាមរយៈស្មារតី និងគោលការណ៍នៃ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកាឡាឡាំពួរដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមនៃប្រទេសទាំងបួន ក្នុងការជំរុញឱ្យមានតម្លាភាព ការកសាងទំនុកចិត្ត និងការគ្រប់គ្រងជំហរយោធាក្នុងតំបន់ដែលប្រកបដោយទំនួលខុសត្រូវ។

ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថាដើម្បីអនុវត្តតាមលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងសេចក្តីថ្លែងការណ៍រួម តាមរយៈការកែសម្រួលអាវុធធុនធ្ងន់ជាដំណាក់កាល និងការសម្របសម្រួលវិធានការណ៍ កសាងទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្តគ្នា និងស្ថិរភាពគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរបាន ឯកភាពគ្នាមានដូចខាងក្រោម៖ក. ភាគីទាំងពីរបានឯកភាពគ្នាលើចំណាត់ថ្នាក់សព្វាវុធជា ០៣ (បី) ប្រភេទ និងកំណត់និយមន័យម ដូចខាងក្រោម៖
-ប្រភេទ ក (Type A) សំដៅទៅលើប្រព័ន្ធកាំជ្រួចហ្វូង (MLRS) ដែលមានកាណុងបាញ់ចាប់ពី ០២ (ពីរ) ឡើងទៅ។

-ប្រភេទ ខ (Type B) សំដៅទៅលើកាំភ្លើងធំគ្រប់ប្រភេទ ដែលជាប្រភេទអូសណ្តោង ឬស្វ័យចល័ត ដែលប្រើប្រាស់ក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ១២២មីលីម៉ែត្រ ១៣០មីលីម៉ែត្រ ១៥២មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ។
-ប្រភេទ គ (Type C) សំដៅទៅលើយុទ្ធោបករណ៍ប្រភេទពាសដែក ជាពិសេសរថក្រោះប្រយុទ្ធ (MBTs) ដែលផ្តល់នូវការការពារចល័ត កម្លាំងបាញ់សង្រ្កាប និងការគាំទ្រផ្ទាល់ដល់កម្លាំងថ្មើរជើង។ . ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រកាន់ខ្ជាប់នូវ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់ពេញលេញនូវលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគោលការណ៍ដែលមានចែងក្នុង សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកាឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការកែសម្រួលជាដំណាក់កាលនូវអាវុធទាំងបីប្រភេទ (ប្រភេទ ក ប្រភេទ ខ និងប្រភេទ គ) ក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អនុលោមទៅតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា។
ឃ. ភាគីទាំងពីរឯកភាពគ្នាក្នុងការសម្របសម្រួលលើការផ្ទៀងផ្ទាត់ ការចងក្រងឯកសារ និងការសង្កេត- ការណ៍ ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
ង. ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាព និង ការផ្ទៀងផ្ទាត់ដំណើរការដកអាវុធ សំដៅធានានូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តសាធារណៈក្នុងការអនុវត្ត។
ច. ភាគីទាំងពីរឯកភាពគ្នាថានៅក្នុងករណីដែលភាគីណាមួយ លាក់បាំង ឬ បំភាន់បរិមាណ ឬ ប្រភេទអាវុធ សកម្មភាពបែបនេះត្រូវបានចាត់ទុកថាជា ការកង្វះភាពស្មោះត្រង់ក្នុងការស្តារប្រក្រតីភាព ស្ថេរភាព និង ទំនាក់ទំនងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
ឆ. ដំណើរការនៃការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី១ ត្រូវធ្វើឡើងក្នុង រយៈពេល ០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និង ផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
ជ.
កិច្ចប្រជុំមួយរបស់ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ស្តីពីការរៀបចំផែនការ និងការអនុវត្តលម្អិតនៃដំណាក់កាលទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការកែ សម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី២ ត្រូវធ្វើឡើងក្នុងរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ។
ឈ. កិច្ចប្រជុំរបស់ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ស្តីពីការធ្វើរៀបចំផែនការ និងការអនុវត្តលម្អិតនៃ ដំណាក់កាលទី៣ នឹងត្រូវធ្វើឡើងក្នុងកាលបរិច្ឆេទណាមួយ ដែលភាគីទាំងពីរបានឯកភាពគ្នា ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី៣ ត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ។
៣. កិច្ចប្រជុំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) អាចនឹង កោះប្រជុំ តាមរយៈប្រព័ន្ធអនឡាញ ឬដោយផ្ទាល់ តាមការឯកភាពគ្នារវាងភាគីទាំងពីរ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាបាននូវ ការសម្របសម្រួល ការពិគ្រោះយោបល់ទាន់ពេលវេលា និងការអនុវត្តប្រកបដោយប្រសិទ្ធភាព៕
ដោយ ៖ ម៉ាដេប៉ូ



