ឯកឧត្តម សុខ សូកេន សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីនាពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ច ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ សរុបប្រមាណ៣៧០រូប នៅទីស្ដីការក្រសួងអធិការកិច្ច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការបានឡើងគោរពរាយការណ៍ជូនអង្គពិធីនូវរបាយការណ៍សង្ខេបនៃសមិទ្ធផលការងាររយៈពេល ១ ឆ្នាំរបស់ក្រសួង (ចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៥) ដែលជាកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងនូវអនុសាសន៍សំខាន់ៗជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការថា ក្នុងនាមជាស្ថាប័នដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ច ក្រសួងត្រូវយកចិត្តទុកដាក់លើការរៀបចំទុកដាក់ផ្ទះឱ្យបានរៀបរយ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្ត ការខិតខំអនុវត្តនូវការងារស្នូល និងការងារគាំទ្រនានានៃយុទ្ធសាស្រ្ត «ព៤ជ៤» ដោយការកំណត់ចក្ខុវិស័យ ទិសដៅការងារអនុវត្តបន្ដ និងទស្សនវែងឆ្ងាយនៃការរៀបចំប្រព័ន្ធអធិការកិច្ចដែលមានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ សំដៅចូលរួមគាំទ្រដល់ការងារអភិលបាលកិច្ច និងការងារកំណែទម្រង់ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការគិតគូរ និងយកចិត្តទុកដាក់ចំពោះការងារសុខុមាលភាពមន្រ្តីរាជការ តាមរយៈគោលការណ៍លើកទឹកចិត្តទាំង១១ចំណុចកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានការផ្ដល់ប្រាក់ឧបត្ថម្ភជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសារទរជូនចំពោះសិស្សជ័យលាភីនិទ្ទេស «A» ចំនួន២រូប ដែលជាកូនរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងអធិការកិច្ចក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ដោយបានប្រគល់រង្វាន់ម៉ូតូចំនួន ២គ្រឿង ដើម្បីលើកទឹកចិត្តក្នុងការបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner