ប្រជាពលរដ្ឋជាងមួយគ្រួសារនៅស្រុកបុរីអូរស្វាយសែនជ័យ នឹងទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ពីអាជ្ញាធរ និងមន្ត្រីជំនាញ
ស្ទឹងត្រែង៖គណៈកម្មការគ្រប់គ្រងដីធ្លីខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន ១.៤៥២ នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យដោយមានចូលរួមពីលោក ដែង កក្កដា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ,លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ,លោក ធឹង ម៉េង ប្រធានភូមិបាលស្រុកបុរីអូរស្វាយសែនជ័យ ,លោកមេឃុំ ,មេភូមិ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដី។
ឯកសារនៃការវិនិច្ឆ័យក្បាលដី ដែលត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានបិទផ្សាយជាសាធារណៈចំនួន ១.៤៥២ក្បាលដីនេះ ស្ថិតនៅក្នុងភូមិចំនួន ៣នៃឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ គឺ ភូមិកណ្ដាលចំនួន ៤១៦ក្បាលដី ភូមិក្រោមចំនួន ៤៧០ក្បាលដី និងភូមិក្រឡាពាសចំនួន ៥៦៦ក្បាលដី។
មន្រ្តីជំនាញបានប្រាប់ប្រជាពលរដ្ឋចូលរួមថា ការបិទផ្សាយជាសាធារណៈនេះ គឺជាដំណាក់កាលចុងក្រោយ នៃនីតិវិធី នៅក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងមានគោលបំណង ផ្តល់ឱកាសដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ពិនិត្យ និងផ្ទៀងផ្ទាត់ ទិន្នន័យ (ឈ្មោះ ទំហំដី ព្រំប្រទល់) របស់ខ្លួនឱ្យបានត្រឹមត្រូវជាមុនសិន។ ប្រសិនបើការពិនិត្យ ផ្ទៀងផ្ទាត់ ទិន្នន័យទាំងនោះ រកឃើញថា មានភាពមិនត្រឹមត្រូវ ឬ ខុសឆ្គង អាជ្ញាធរ និងមន្ត្រីជំនាញ នឹងអនុញ្ញាតឱ្យម្ចាស់ក្បាលដី ប្តឹងតវ៉ា ឬជំទាស់ ទៅនឹងទិន្នន័យ ឬ ការកំណត់ព្រំប្រទល់ទាំងនោះឡើងវិញ។
អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានក្បាលដីក្នុងភូមិទាំង៣ ខាងលើសូមអញ្ជើញមកពិនិត្យ និងសហការជាមួយក្រុមការងារដែលនៅប្រចាំការដើម្បីធានាបាន នូវភាពសុក្រឹត្យ ត្រឹមត្រូវ និងតម្លាភាព នៃឯកសារទាំងអស់មុនពេលបោះពុម្ពជាបណ្ណកម្មសិទ្ធិ ប្រើប្រាស់ស្របច្បាប់៕
ដោយ៖ឡុង សំបូរ




