ជនសង្ស័យចំនួន១១១នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានឃាត់ខ្លួននៅអគារមួយកន្លែងនាក្រុងភ្នំពេញ

ភ្នំពេញ៖ដោយមានកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញារង កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ​កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បាន​ចុះត្រួតពិនិត្យទីតាំងសង្ស័យ ស្ថិតនៅអគារសម្រាប់ជួលមាន​ទីតាំងផ្ទះ​លេខ១៧ ផ្លូវលេខ២៥៥ ក្រុមទី១៤ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

មន្រ្តីដែលស្ថិតក្នុងក្រុមសមត្ថកិច្ចបានប្រាប់ថា ក្នុងសកម្មភាពខាងលើកម្លាំងចម្រុះបាន​ឃាត់ខ្លួនជនសង្ស័យចំនួន​១១១នាក់ ក្នុងនោះ ជនជាតិឥណ្ឌូណេស៊ីចំនួន១០៦នាក់ (ស្ត្រី៣៦នាក់ ) និងបុរសជនជាតិខ្មែរ ចំនួន៥នាក់ ។
ក្នុងប្រតិបត្តិការបង្ក្រាបដដែលសមត្ថកិច្ចជំនាញបានដកហូតសម្ភារៈ ជាវត្ថុតាងរួមមានៈ រថយន្ត២គ្រឿង ម៉ាក HYUNDAI STARIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CB-5952 និងម៉ាក HYUNDAI STARIA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-1921 ។

បន្ទាប់ពីត្រួតពិនិត្យយ៉ាងម៉រត់ចតើជនសង្ស័យ និងវត្ថុតាងទាំងអស់ដែលបានដកហូតពីទីតាំងសង្ស័យខាងលើ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី ។

នៅថ្ងៃដដែលនោះដែរ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយទទួលបានការបញ្ជាពី​អភិបាល​រាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ និងមានការចូលរួម​សហការពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប. ឆ.ប.) បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងនៅអគារលេខ៦៥ IOS TOWER ស្ថិតនៅផ្លូវលេខ៩៥ ភូមិ០៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

គប្បីជម្រាបជូនថា ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំង​ប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យានេះ ដោយពុំមានការលើកលែង៕
ដោយ៖ង៉ាន ទិត្យ
រូបភាព៖កម្លាំងចម្រុះ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner