កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យយុវជន និងអ្នកស្ម័គ្រចិត្ត ជូនដល់មន្ត្រីទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្តទាំង ២៥ សាខារាជធានី-ខេត្ត
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សហការពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យយុវជន និងអ្នកស្ម័គ្រចិត្ត ជូនដល់មន្ត្រីទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្ត ប្រចាំសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត ។

លោកសាស្ត្រាចារ្យ គៀន តាក់ សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ស្វាគមន៍ ចំពោះថ្នាក់ដឹកនាំ មន្ត្រីថ្នាក់កណ្តាល បងប្អូនដែលមកពីសាខារាជធានីខេត្ត ក្រុមការងារក្លឹបយុវជន កាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមបច្ចេកទេស IT center ។ លោកបន្តថា ការបណ្តុះបណ្តាលនាពេលនេះ គឺជាការចែករំលែកពីប្រព័ន្ធថ្មីក្នុងការបញ្ចូលទិន្នន័យជាក់ស្តែងថាតើជួបបញ្ហាអ្វីខ្លះ ជួបការលំបាកអ្វីខ្លះ ដើម្បីយើងដោះស្រាយរួមគ្នា និងធ្វើទាំងអស់គ្នា ។

ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ពិតជាមានកិត្តិយសសេចក្តីសមនស្សរីករាយដែលឃើញបងប្អូនមកពីសាខា២៥រាជធានីខេត្ត ដែលបានមកជួបជុំគ្នានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃនេះ ។ ឯកឧត្តមបន្តថា កន្លងមកយើងប្រើប្រាស់ Microsoft Excel ដើម្បីកត់ត្រាទិន្នន័យ ប៉ុន្តែពេលនេះយើងមានថ្នាលឌីជីថលថ្មីមួយដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានជួយរៀបចំឱ្យកាកបាទក្រហមកម្ពុជា ។ នេះជាពេលវេលាមួយដែលមានសារៈសំខាន់ណាស់ ដែលពីមុនមកយើងគ្រប់ គ្រងទិន្នន័យយុវជន និងអ្នកស្ម័គ្រចិត្ត របស់យើងធ្វើឡើងដោយឡែកៗពីគ្នា ហើយយើងពិបាកក្នុងការប្រមូលផ្តុំព្រោះមានតារាងផ្សេងៗគ្នា ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការរងទី២ លើកទឹកចិត្តដល់ លោក លោកស្រី ទាំងអស់ ចូលរួមសកម្មជាមួយក្រុមការងារបច្ចេកទេសរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវសួរសំណួរ និងយកចិត្តទុកដាក់កត់ត្រានូវអ្វីដែលក្រុមការងារបានបង្ហាញជូន និងសូមគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រុមការងារបច្ចេកទេសនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានយកចិត្តទុកដាក់លះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការជួយបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រង ទិន្នន័យនេះឡើង ៕
ដោយ / គ្រី សម្បត្តិ


