ក្រសួងរៀបចំដែនដី កំណត់គោលដៅ អាទិភាព នៅតំបន់ប៉ូលសេដ្ឋកិច្ច និងរាជធានីភ្នំពេញ ដើម្បីឧត្តមភាពសង្គម និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដី បាននិងកំពុងកំណត់គោលដៅការងារអាទិភាពនានានៅតំបន់ប៉ូលសេដ្ឋកិច្ច និងរាជធានីភ្នំពេញ ក្នុងដំណើរឆ្ពោះទៅឧត្តមភាពសង្គម និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្ដីពីដំណើរឆ្ពោះទៅឧត្តមភាពសង្គម និងបង្កើនជីវភាពរស់នៅតាមរយៈសម្បទានសង្គមកិច្ច នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។ ឯកឧត្តម ថានេះជាពេលវេលាអំណោយផល ដែលយើងបានការឯកភាពគ្នាជារួម ក្នុងការបើកទំព័រថ្មី សម្រាប់សង្គមជាតិ ដែលកើតចេញពីឬសកែវ នៃសុខសន្តិភាព ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីការងារអាទិភាពនានា ដែលក្រសួងបាននឹងកំពុងអនុវត្ត ក្នុងនោះមានការចុះបញ្ជីដីធ្លីបង្កើតបរិយាកាសគ្មានវិវាទ ការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី ក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរខេត្តសៀមរាប ដើម្បីបញ្ចប់វិវាទរវាងអាជ្ញាធរជាតិអប្សរា និងប្រជាជន ការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់ទន្លេសាប ដើម្បីដោះស្រាយបញ្ចប់វិវាទ និងជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់នោះឲ្យប្រសើរឡើង ការដោះស្រាយបញ្ចប់វិវាទបុរី និងការផ្តល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋ ដែលកត្តាទាំងអស់នេះគឺជាភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយ ។

បន្ថែមលើនេះ ផ្ដើមចេញពីគោលគំនិតថាប្រជាជនខ្មែរគ្រប់រូបគួរតែមានផ្ទះសម្បែងរស់នៅសមរម្យ ដូច្នេះយើងត្រូវពិនិត្យមើលលើសក្តានុពលលើទឹកដីរបស់យើង ដូចជាតំបន់ឆ្នេរ តំបន់ទន្លេសាប និងតំបន់ខាងត្បូងទន្លេសាប ដែលជាដង្ហើមសេដ្ឋកិច្ចរបស់ជាតិ ដោយត្រូវខិតខំប្រឹងប្រែងការពារតំបន់ទាំងនោះអោយបានល្អ និងគិតគូរធ្វើយ៉ាងណាឲ្យតំបន់ទាំងនេះជួយដល់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជនកាន់តែល្អប្រសើរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានលើកឡើងអំពីផែនការរៀបចំរាជធានីភ្នំពេញ ដោយក្នុងនោះមានការរៀបចំឧទ្យានសាធារណៈឱ្យបានច្រើន កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្តារប្រឡាយនិងបញ្ចៀសការកកស្ទះចរាចរណ៍ ជួយសម្របសម្រួលអត្រាការប្រាក់ទាបពីធនាគារសម្រាប់ប្រជាពលរដ្ឋដែលមានតម្រូវការ ដោះស្រាយបញ្ហាអគារទ្រុឌទ្រោម និងរៀបចំលំនៅឋានសម្រាប់រស់នៅឱ្យបានសមរម្យដល់ប្រជាពលរដ្ឋ ជួយដល់ប្រជាពលរដ្ឋឱ្យមានប្រាក់ចំណូល និងប្រាក់សន្សំ រៀបចំលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាពទិញផ្ទះសម្រាប់រស់នៅបាន រៀបចំដោះស្រាយបញ្ហាសំណង់មិនរៀបរយនៅតាមចិញ្ចើមផ្លូវ ដោយឡែកដីសម្បទានយើងនៅតែបន្តផ្ដល់ជូនប្រជាពលរដ្ឋ ដែលខ្វះដីពិតប្រាកដហើយនឹងខិតខំវិនិយោគបន្ថែមទៀត ដើម្បីជួយពង្រឹងសមត្ថភាពដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រខ្វះខាតដើម្បីឱ្យពួកគាត់មានលទ្ធភាពមានលំនៅឋានរស់នៅសមរម្យ និងមានជីវភាពល្អប្រសើរជាងមុន ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner