ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការបែងចែកប៉ុស្តិ៍នីមួយៗរបស់បេក្ខជនជ័យលាភី ជាប់កិច្ចព្រមព្រៀងការងារ និងអាទិភាពតាមលំដាប់ពិន្ទុ ប្រកបដោយតម្លាភាព និង យុត្តិធម៌

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា ការចាប់ប៉ុស្តិ៍នៅថ្ងៃនេះ គឺ«តម្លាភាព និងយុត្តិធម៌» ។ ក្នុងនោះ ឯកឧត្តម ក៏បានរំលេចអំពី “បេក្ខជន និងគណៈកម្មការទាំងអស់ នឹងមើលឃើញជាក់ស្តែងជាមួយគ្នានូវការបែងចែកប៉ុស្តិ៍នីមួយៗ និងជ្រើសរើសផ្អែកលើគោលការណ៍អាទិភាពដូចជា អាទិភាពសម្រាប់គ្រូជាប់កិច្ចព្រមព្រៀងការងារ និងអាទិភាពតាមលំដាប់ពិន្ទុជូនបេក្ខជនជ្រើសរើសជាបន្តបន្ទាប់”។

ឯកឧត្តម ក៏បានរំលេចបន្ថែមថា “នៅពេលដែលប្អូនៗត្រឡប់ទៅផ្ទះវិញ ប្អូនៗនឹងដឹងថា អ្នកណានឹងទៅបង្រៀនគោលដៅណា អ្នកណានឹងទៅបង្រៀនគោលដៅណា ដែលនេះគឺជាតម្លាភាព និងយុត្តិធម៌ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំ”។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃសៅរ៍ ទី១ ខែវិច្ចិកា ឆ្នាំ២០២៥ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងការជ្រើសរើសកន្លែងការងារបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀងផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងទីតាំងភូមិសាស្រ្តរដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។

ពិធីនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា និងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធរួមមាន មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡានៃខេត្តទាំង៥, ក្រុមការងារគណៈកម្មការរៀបចំការប្រឡងប្រជែង, ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងបេក្ខជនប្រឡងជាប់ជាស្ថាពរ សរុបប្រមាណ ៣,២០០នាក់ ។

ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្អូនៗនេះហើយ ជាសាក្សីផ្ទាល់នៃដំណើរការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្នុងក្របខណ្ឌគ្រឹៈស្ថានបឋមសិក្សាគឺជាប់ដោយមោទនភាព និងធ្លាក់ដោយអស់ចិត្ត។ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ថ្ងៃទី ១ខែវិច្ឆិកានេះ គឺជាថ្ងៃបើកបវេសនកាល ដូច្នេះហើយ ប្អូនៗប្រឡងជាប់ជាគ្រូបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារត្រូវអនុវត្តនីតិវិធីចាប់ប៉ុស្តិ៍សាលាដើម្បីចូលបង្រៀនសិស្ស តាមមុខជំនាញភ្លាមៗតែម្តង។

គួរបញ្ជាក់ថា ការបែងចែកកន្លែងការងារដល់បេក្ខជនប្រឡងជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួនជាង ៣ពាន់នាក់ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងភូមិសាស្រ្តខេត្តចំនួន ៥ រួមមាន៖ ខេត្តព្រៃវែង ខេត្តត្បូង ឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។ បេក្ខជនជាប់ជាស្ថាពរ គឺគណៈកម្មការនឹងរៀបចំការចែងចែកកន្លែងបម្រើការងារ (សាលាបឋមសិក្សា) នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ បេក្ខជនប្រឡងជាប់ជាស្ថាពរទាំង ៥ខេត្ត សរុបមានចំនួន ៣.០២៤នាក់ ក្នុងចំណោមបេក្ខជនប្រឡងជិត ៩ពាន់នាក់៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner